រថភ្លើងដឹកប្រេងបានក្រឡាប់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឱ្យធ្លាក់ទូរប្រេងចំនួន ៣ ទូរ
(ភ្នំពេញ)៖ របាយការណ៍បឋម ស្តីពីហេតុការណ៍រថភ្លើងដឹកប្រេងបានក្រឡាប់ នៅវេលាម៉ោងវេលាម៉ោង ៦៖៣០នាទីព្រឹក ថ្ងៃទី ១៧ ខែវិច្ឋិកា ឆ្នាំ២០២៥ បានបណ្តាលធ្លាក់ទូរប្រេងចំនួន ៣ ទូរ ។
នេះបើយោងតាម ឯកឧត្តម ផន រឹម រដ្ឋលេខាធិការនិងជា មន្ត្រីអ្នកនាំពាក្យក្រសួងសារធារណការនិងដឹកជញ្ជូន។
យោងតាម ព័ត៌មានកន្លែងកើតហេតុបានឱ្យដឹងថា ករណីក្រឡាប់ទូររថភ្លើងនេះ កើតឡើងនៅចំណុច PK191+600 ខ្សែដែកទិសខាងជើង ស្ថិតនៅ ភូមិច្រេះ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ រថភ្លើងដឹកប្រេងមាន ២៤ ទូរ និងក្បាលរថភ្លើងលេខ ៦៥៣៥ ចេញដំណើរពីភ្នំពេញ ទៅស្ថានីយ៍បឹងព្រីង ខេត្តបាត់ដំបង ដោយបណ្តាលឱ្យធ្លាក់ទូរប្រេងចំនួន ៣ ទូរ និងមិនមានគ្រោះដល់មនុស្សទេ។
ឯកឧត្តម ផន រឹម អោយដឹងដែរ មូលហេតុបឋមនៃឧបទ្ទវហេតុ បញ្ហាផ្លូវស្រុត ។ វិធានការណ៍បន្ទាន់ ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េល បានបញ្ជូនអ្នកគ្រប់គ្រងសុវត្ថិភាពម្នាក់ និងក្រុមជួសជុលផ្លូវដែក ទៅកន្លែង កើតហេតុ ។ រថយន្តបូមប្រេងពីក្រុមហ៊ុនសូគីម៉ិចបានមកដល់កន្លែងដើម្បី ប្រមូលប្រេងឥន្ធនៈដែលកំពប់។ រថយន្តស្ទូចចំនួន ២គ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ៕






ដោយ ៖ង៉ាន់ ទិត្យ