ពិព័រណ៍កសិកម្មកម្ពុជា (CAFE25) គឺជាការគិតគូររក​ដំណោះ​ស្រាយបញ្ហាពាក់ព័ន្ធឱ្យផលិតផលកសិកម្ម ផ្សារ​ភ្ជាប់ទីផ្សារ និងតម្រូវការជាក់ស្តែងទាំងបរិមាណ គុណ​ភាព

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា កម្មវិធី CAFE25 គឺជាការគិតគូររកដំណោះ​ស្រាយ​បញ្ហាពាក់​ព័ន្ធឱ្យផលិតផលកសិកម្ម ផ្សារភ្ជាប់ទីផ្សារ និងតម្រូវការ​ជាក់​ស្តែង​ទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេស​ការចូលរួមគ្រប់តួអង្គពាក់ព័ន្ធទាំងវិស័យធនាគារ បច្ចេក​ទេសកសិកម្ម កសាងទំនុកចិត្តរួមគ្នា និងផ្តល់ផល​ចំ​ណេញ​ទាំងអស់គ្នា។ លើសពីនេះ ការផ្សារភ្ជាប់តួអង្គ​ពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមមាន៖ កសិករ អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន និងដៃគូអភិ​វឌ្ឍន៍​នានា ចាប់យកឱកាសថ្មីៗសម្រាប់ការធ្វើ​ពាណិជ្ជ​កម្ម និងការវិនិយោគក្នុងវិស័យ-កសិស្បៀងអាហារនៅ​កម្ពុជា។

ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍ដូចនេះ ក្នុងឱកាស​អញ្ជើញ​ជាអធិបតីភាពក្នុងពិធីបិទវេទិកា និងពិព័រណ៍​កសិកម្មកម្ពុជា (CAFE25) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ​ដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដៃគូអភិវឌ្ឍន៍នានា ជាពិសេសអង្គការ FAO ដែលជា​ដៃ​គូជិតស្និត អង្គការ វិស័យឯកជន និងនិស្សិតស័្មគ្រចិត្ត​ទាំង​អស់ ដែលបានខិតខំលះបង់ទាំងកម្លាំង​កាយកម្លាំង​ចិត្តដើម្បីដំណើរការកម្មវិធី CAFE25 បានបញ្ចប់ដោយ​ជោ​គជ័យ និងមានការគាំទ្រពេញទំហឹងពីសំណាក់​បង​ប្អូន​​ទាំងអស់ សំដៅលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញ​វិនិ​យោគិនក្នុងស្រុកនិងក្រៅប្រទេស និងជំរុញការកែ​ច្នៃ​ក្នុងវិ​ស័យកសិ-ស្បៀងអាហារកម្ពុជា ទៅកាន់ទីផ្សារអន្តរ​ជាតិ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ads banner