សង្កាត់ចំនួនពីរ ក្នុងខណ្ឌចំការមន បើកការដ្ឋានជួសជុលផ្លូវអ៊ុតកៅស៊ូ និងដាក់លូរំដោះទឹក
(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌចំការមន បើកការដ្ឋានជួសជុលផ្លូវអ៊ុតកៅស៊ូ និងដាក់លូរំដោះទឹក ក្នុងសង្កាត់ចំនួនពីរ មានសង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ហ៊ត វ៉ាន់ធី អភិបាលរងខណ្ឌ តំណាងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ។
លោក ហ៊ត វ៉ាន់ធី បានធ្វើការណែនាំទៅដល់អ្នកម៉ៅការ ទទួលជួសជុលផ្លូវអ៊ុតដៅស៊ូ និងដាក់ប្រព័ន្ធលូ ធ្វើយ៉ាងណាឱ្យពន្លឿនរួចរាល់តាមគម្រោង និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ធានាពីគុណភាពប្រើប្រាស់បានយូរអង្វែង ។
លោកអភិបាលរងខណ្ឌ បានលើកឡើងថា រាជរដ្ឋាភិបាល បានផ្តល់ថវិកាវិភាជន៍ដល់ឃុំសង្កាត់ទូទាំងប្រទេសមានការកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដើម្បីរៀបចំ អភិវឌ្ឍន៍មូលដ្ឋាន ស្របតាមស្ថានភាពដែលតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ដោយឡែកចំពោះសង្កាត់ នៅក្នុងរាជធានីភ្នំពេញ បានរៀបចំផែនការអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតជាសំខាន់ទៅលើគម្រោងជាអាទិភាព គឺ៖ ការជួសជុលផ្លូវ ដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដាក់លូ ស្តារលូ និងការរៀបចំការ៉ូឡា ឱ្យមានលក្ខណៈ ល្អប្រសើរ និងមានគុណភាពខ្ពស់។
លោកអភិបាលរង ក៏បានធ្វើការណែនាំដល់ចៅសង្កាត់ ដែលជាម្ចាស់គម្រោង ត្រូវតាមដានឱ្យបានជាប់ជាប្រចាំ ចំពោះក្រុមហ៊ុនទទួលការ ក្នុងការអនុវត្តគម្រោង ដោយត្រូវហ៊ានសរសេរ នូវរាល់ចំណុចខ្វះខាត អសកម្មទាំងឡាយណារបស់ក្រុមហ៊ុនទទួលម៉ៅការ ដែលមិនអនុវត្តតាមកិច្ចសន្យា នៅក្នុងសៀវភៅ តាមដានការដ្ឋាន ។
លោកក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមតាមដាន ការអនុវត្តន៍ការងាររបស់ក្រុមហ៊ុនទទួលម៉ៅការផងដែរ ពីព្រោះបងប្អូន គឺជាអ្នកទទួលផលផ្ទាល់ពីគម្រោងនេះ បើឃើញការអនុវត្តន៍របស់ក្រុមហ៊ុនខុសពីកិច្ចសន្យា ត្រូវរាយការណ៍ជូនលោកចៅសង្កាត់ ឬសាលាខណ្ឌ ដើម្បីចុះពិនិត្យ និងកែសម្រួលជាបន្ទាន់ ។
សូមជម្រាបថា សង្កាត់បឹងត្របែក មានគម្រោងជួសជុលអ៊ុតកៅស៊ូ AC នៅផ្លូវលេខ ១២៣ ប្រវែង ៩១ម៉ែត្រ ទទឹង ៨ម៉ែត្រ ។ ជួសជុលអ៊ុតកៅស៊ូ AC នៅផ្លូវលេខ ៤២០ ប្រវែង ២០០ម៉ែត្រ ទទឹង៨ម៉ែត្រ ។ ដាក់លូមូល រំដោះទឹក ទំហំ ០.៦ម នៅផ្លូវ៩៥ ប្រវែង២៤២ ម៉ែត្រ ។ ដាក់លូរំដោះទឹកមូល ទំហំ ០.៦ម ផ្លូវ៩៩ ប្រវែង១៣១ ម៉ែត្រ ។ ដាក់លូរំដោះទឹកមូល ទំហំ ០.៦ម ផ្លូវ៩៩ ប្រវែង ៣៣៥ ម៉ែត្រ ។
ចំណែកសង្កាត់ផ្សារដើមថ្កូវ មានគម្រោងដាក់លូរំដោះទឹកទំហំ ០,៦ម សងខាងផ្លូវ៥១០ ប្រវែង ៣២០ ម៉ែត្រ ។ ដាក់លូរំដោះទឹកទំហំ ០,៦ម ផ្លូវ៤៩៤ ប្រវែង ១.០០០ម៉ែត្រ និងដាក់លូរំដោះទឹកទំហំ ០,៦ម ផ្លូវ១៣៥ ប្រវែង ៤០០ ម៉ែត្រ ៕








ដោយ វណ្ណលុក