ប្រើប្រាស់ដ្រូនជាទំនើបកម្មកសិកម្មសម័យថ្មី និង ហុចទិន្នផលយ៉ាងល្អប្រសើរដល់កសិករ
(ភ្នំពេញ)៖ ការប្រើប្រាស់បច្ចេកវិទ្យាដ្រូន (Drone) កំពុងប្រែក្លាយឱ្យកាន់តែមានប្រសិទ្ធភាពលើវិស័យកសិកម្មក្នុងនេះមិនត្រឹមផ្តល់ភាពងាយស្រួលដល់កសិករទេ តែទន្ទឹមជាមួយគ្នាវាក៏ជាផ្នែកមួយក្នុងការបង្កើនទិន្នផលដំណាំរបស់កសិករផង។
ការឈានចូលបច្ចេកវិទ្យា ដ្រូន ក៏កំពុងធ្វើទំនើបកម្មក្នុងវិស័យកសិកម្មកម្ពុជាដើម្បីប្រែក្លាយទៅជាវិស័យប្រកបដោយថាមពល ភាពជាក់ច្បាស់ក្នុងមុខជំនាញកសិកម្ម ជួយបង្កើនជីវភាពប្រជាពលរដ្ឋ និងពិសេសជាងនេះវាក៏បានជួយដល់សន្តិសុខស្បៀង និងការធ្វើពាណិជ្ជកម្មប្រកបដោយនិរន្តភាព។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដ្រូនកំពុងបានផ្តល់ភាពងាយស្រួលដល់កសិករដែលជ្រើសរើសប្រើបច្ចេកទេសទំនើបសម័យថ្មី ជំនួសការប្រើប្រាស់ដោយកម្លាំងសម័យបុរាណ ដែលក្នុងនេះចំណេញទាំងពេលវេលា ថវិការ និងមិនគ្រោះថ្នាក់ណាមួយដោយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតទៀតផង។
ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញនាថ្មីៗមកនេះ អ្នកនាង ជន់ សុខឃីម ប្រធានផ្នែកសេវាកម្មអតិថិជននៃក្រុមហ៊ុនCC/DCA ដែលនាំចូលនិងចែកចាយកសិកម្មទំនើបៗមួយនៅកម្ពុជាបានបញ្ជាក់ប្រាប់ថា៖ការប្រាស់ដ្រូនកសិកម្ម ជួយការងារបានច្រើន កាត់បន្ថយកម្លាំងពលកម្ម និងចំណាយថ្នាំតិច មិនប៉ះពាល់ដល់សុខភាព និងរហ័សទាន់សភាពការ។ ក្រៅពីនេះក៏ចំណេញពេលវេលា ចំណេញកម្លាំងមនុស្ស និងពិសេសជួយបង្កើនទិន្នផលបានខ្ពស់ជាងមុន។ អ្វីដែលសំខាន់ជាងនេះកសិករអាចរកប្រាក់ចំណេញបានតាមរយៈការប្រើប្រាស់ដ្រូនកសិកម្មនេះតែម្តង។
អ្នកនាងបានពន្យល់ប្រាប់ថា ការប្រើប្រាស់ដ្រូននេះវាអាចជួយព្រួសស្រូវ បាចជី បាចថ្នាំលើដំណាំកសិកម្មរបស់ពួកគាត់ ។
ដោយឡែក លោក ស៊ីននឿន ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន ចាបក្រហម បានចាត់ទុកថា ការធ្វើទំនើបកម្មលើវិស័យកសិកម្មពិតជាមានសារៈសំខាន់ខ្លាំងណាស់ បើពុំនោះទេយើងមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ឬប្រទេសដទៃទៀតបានឡើយ។
លោកបានលើកឡើងថា ដ្រូនកសិកម្ម ផ្តល់ភាពងាយស្រួលដល់កសិករ សំរាប់ធ្វើកសិកម្ម បាញ់ថ្នាំសត្វល្អិត-ជីបំប៉ន-ថ្នាំស្មៅ ព្រោះស្រូវ ព្រោះជីគ្រាប់ បានយ៉ាងមានប្រសិទ្ធភាព និងសព្វល្អ ទោះបីដីទួល ដីចង្រាក់ភ្នំទាបខ្ពស់ ដីមានដើមឈើ ដំណាំខ្ពស់ទាប គឺដ្រូនអាចបាញ់បានទាំងអស់ ហើយងាយស្រួលប្រើប្រាស់ រហ័សទាន់ចិត្ត ចំនេញពេលវេលា-ថវិកា-កម្លាំងពលកម្ម និងមិនប៉ះពាល់សុខភាព។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងពិធីបិទវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញនាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ឱ្យដឹងថា៖ កម្មវិធី CAFE25 គឺជាការគិតគូររកដំណោះស្រាយបញ្ហាពាក់ព័ន្ធឱ្យផលិតផលកសិកម្ម ផ្សារភ្ជាប់ទីផ្សារ និងតម្រូវការជាក់ស្តែងទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេសការចូលរួមគ្រប់តួអង្គពាក់ព័ន្ធទាំងវិស័យធនាគារ បច្ចេកទេសកសិកម្ម កសាងទំនុកចិត្តរួមគ្នា និងផ្តល់ផលចំណេញទាំងអស់គ្នា។ លើពីនេះ ការផ្សារភ្ជាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមមាន៖ កសិករ អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន និងដៃគូអភិវឌ្ឍន៍នានា ចាប់យកឱកាសថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យ-កសិស្បៀងអាហារនៅកម្ពុជា៕







ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហួត