ក្រសួងការងារ បើកពិព័រណ៍ការងារទៅដល់មូលដ្ឋានផ្ទាល់
បាត់ដំបង៖ឱកាសការងារប្រមាណជាងមួយម៉ឺនកន្លែងសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលវិលត្រឡប់មក ប្រទេសវិញ ត្រូវបានរៀបចំបង្ហាញផ្ទាល់នៅស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីចុងសប្ដាហ៍ ។មានន័យថា បានយក
ការងារទៅផ្តល់ជូនពលករដល់មូលដ្ឋានរស់នៅតែម្តង ព្រោះក្នុងសកម្មភាពពិព័រណ៍ការងារនេះ ក៏មានការចូលរួមផ្ទាល់ពី
ក្រុមហ៊ុន រោងចក្រ សហគ្រាស រង់ចាំធ្វើការសម្ភាសការងារតែម្តង។
ព្រឹត្តិការណ៍នៃការបើកពិព័រណ៍ការងារបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយមានកិច្ចសហការសម្របសម្រួលពីរដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលស្រុកថ្មគោល សហភាពសហព័ន្ធយុវជនកម្ពុជា។
ក្រសួងការងារបានបញ្ជាក់ថា នេះជាពិព័រណ៍លើកទី ៥៧៣ ដោយមានក្រុមហ៊ុន រោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២០ បានចូលរួមដើម្បីធ្វើសម្ភាសន៍ និងជ្រើសរើសភ្លាមៗលើមុខជំនាញជាច្រើន។
ថ្លែងទៅកាន់អ្នកចូលរួមយ៉ាងកុះករឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ពិព័រណ៍ការងារសម្រាប់បងប្អូនអតីតពលករខ្មែរដែលត្រឡប់មកប្រទេសវិញ គឺបាននាំយកឱកាសការងារប្រមាណជាងមួយម៉ឺនកន្លែង ។ឯកឧត្តមក៏បានអធិប្បាយផងដែរអំពីអត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃ។
ឯកឧត្តមបានទាញអារម្មណ៍ប្រជាពលរដ្ឋចូលរួមថា ការធ្វើការងារនៅក្នុងស្រុកមានភាពល្អប្រសើរជាងការធ្វើចំណាក
ស្រុក។នៅក្នុងប្រទេសបងប្អូននឹងទទួលបានអត្ថប្រយោជន៍(ប.ស.ស.) ការព្យាបាលជំងឺដោយឥតគិតថ្លៃ ការទទួលបានប្រាក់សោធន ការរស់នៅជួបជុំក្រុមគ្រួសារ អាចចូលរួមពិធីបុណ្យប្រពៃណីជាច្រើនទៀត។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានអំពាវនាវឱ្យបងប្អូនពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ក៏ដូចជាយុវជន ដែលកំពុងតែស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ប្រសិនបើមានចម្ងល់ផ្សេងៗ ពាក់ព័ន្ធវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសការស្វះស្វែងរកការងារធ្វើ របស់បងប្អូន៕







អត្ថបទនិងរូបភាព៖អ៊ុក សំអាន បប.