ឥណ្ឌាសម្រេចទិញឧស្ម័នរាវ LPG ពីអាមេរិក

ញូវ ដេលី ៖ ប្រទេស ឥណ្ឌា បាននិយាយ នៅថ្ងៃចន្ទនេះថា ខ្លួនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងទិញឧស្ម័នរាវ LPG របស់អាមេរិក ខណៈដែលប្រទេសមួយនេះ អះអាងពីការធ្វើពិពិធកម្ម ប្រភពថាមពល។

រដ្ឋមន្ត្រីក្រសួងប្រេង និងឧស្ម័នធម្មជាតិឥណ្ឌា លោក Hardeep Singh Puri បាននិយាយថា ជាកិច្ចព្រមព្រៀង រយៈពេលមួយឆ្នាំ ទិញឧស្ម័ន LPG ចំនួន ២.២លានតោន ក្នុងមួយឆ្នាំ ដែលមានប្រភពមកពីឆ្នេរសមុទ្រ នៃឈូងសមុទ្រអាមេរិក ឬ ស្មើនឹង ជិត ១០ ភាគរយ នៃការនាំចូលប្រចាំឆ្នាំ របស់ឥណ្ឌា។

លោក Puri បាននិយាយថា នេះគឺជាកិច្ចសន្យាដំបូង ដែល LPG របស់សហរដ្ឋអាមេរិកចូលទីផ្សារឥណ្ឌា។ លោក Puri បាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍មួយថា «នៅក្នុងការខិតខំប្រឹងប្រែងរបស់យើង ក្នុងការផ្តល់នូវការផ្គត់ផ្គង់ឧស្ម័ន LPG ប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យដល់ប្រជាជន នៃប្រទេសឥណ្ឌា យើងបាននិងកំពុងធ្វើពិពិធកម្មប្រភពឧស្ម័ន LPG របស់យើង»។

យ៉ាងណា កិច្ចព្រមព្រៀងនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនចម្រាញ់ប្រេង ដែលគាំទ្រដោយរដ្ឋឥណ្ឌា HPCL-Mittal Energy បាននិយាយ កាលពីខែតុលា ថា ខ្លួនបានបញ្ឈប់ការទិញប្រេងឆៅពីរុស្ស៊ី បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងធំជាងគេ ចំនួនពីរ របស់ទីក្រុងម៉ូស្គូ។

ក្រុមហ៊ុន Reliance Industries ជាអ្នកទិញប្រេងឆៅរុស្ស៊ីដ៏សំខាន់របស់ឥណ្ឌា ដែលជាកម្មសិទ្ធិឯកជន បាននិយាយដែរថា ខ្លួនកំពុងវាយតម្លៃពីផលប៉ះពាល់នៃការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក ក៏ដូចជា ការដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុបផងដែរ។

ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូវដែលី បានធ្លាក់ចុះ នៅក្នុងខែសីហា បន្ទាប់ពីប្រធានាធិបតី Donald Trump ដំឡើងពន្ធលើប្រទេសឥណ្ឌា ដល់ ៥០ភាគរយ។ មន្ត្រីអាមេរិកចោទប្រកាន់ប្រទេសនេះថា បានបញ្ឆេះសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន តាមរយៈការបន្តការទិញប្រេង បញ្ចុះតម្លៃ ពីរុស្ស៊ី។ លោក Trump បានអះអាងថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានយល់ព្រមកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ី ដែលជាផ្នែកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម នាពេលខាងមុខ តែ ជាអ្វីដែលទីក្រុង New Delhi មិនទាន់បានបញ្ជាក់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner