មនុស្ស៣០០នាក់ ចូលរួមព្រឹត្តិការណ៍រត់កម្សាន្តនៅសៀមរាប
សៀមរាប៖កងរាជអាវុធហត្ថខេត្តសៀមរាបកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំព្រឹត្តិការណ៍រត់កម្សាន្ត ដើម្បីលើកកម្ពស់សុខភាព សាមគ្គីភាព និងផ្សារភ្ជាប់ជាមួយមហាជន។ព្រឹត្តិការណ៍នេះមានការរត់ចម្ងាយ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ ដោយមានការចូលរួមពីនាយ នាយរង ពលអាវុធហត្ថ រួមទាំងមហាជនប្រមាណជាង ៣០០នាក់។

ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបដែលផ្តួចផ្តើមរៀបចំកម្មវិធីនេះបានបញ្ជាក់ថា វិស័យកីឡានៅកម្ពុជាបច្ចុប្បន្នកំពុងមានការរីកចម្រើនទាំងបច្ចេកទេស និងធនធានមនុស្សនៅតាមមូលដ្ឋានក្រុង ស្រុក។ ការរៀបចំព្រឹត្តិការណ៍ក្នុងគោលបំណងចម្បងដើម្បីសុខភាព និងផ្សារភ្ជាប់ជាមួយមហាជន ព្រមទាំងបំផុសដល់កងកម្លាំង ដល់មហាជន សំខាន់យុវជនឱ្យចូលរួមហាត់ប្រាណដើម្បីសុខភាព កាយសម្បទារឹងមាំ និងជាមធ្យោបាយដ៏ល្អក្នុងការចាកចេញឆ្ងាយពីគ្រឿងញៀន។

លោកមេបញ្ជាការបានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦កងរាជអាវុធហត្ថខេត្តបានកំណត់កម្មវិធីរត់កម្សាន្តនេះនៅ ពាក់កណ្តាលខែនីមួយៗជាកិច្ចជួបជុំគ្នាជាប្រចាំ។លោកក៏បានអញ្ជើញដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សទាំងអស់ចូលរួមដោយសេរី៕
ដោយ៖ប៊ុនរដ្ឋា


