លោក ហ្សេលេនស្គី នឹងហោះទៅចុះកិច្ចព្រមព្រៀងយន្តហោះចម្បាំង និងមីស៊ីលនៅបារាំងថ្ងៃនេះ
កៀវ ៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ត្រូវបានរំពឹងថា នៅថ្ងៃចន្ទនេះ នឹងធ្វើដំណើរទៅកាន់ទឹកដីប្រទេសបារាំង ក្នុងគោលបំណងចុះកិច្ចព្រមព្រៀងជាមួយទីក្រុងប៉ារីស លើការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស យន្តហោះចម្បាំង និងមីស៊ីល ខណៈទីក្រុងកៀវកំពុងព្យាយាមពង្រឹងកងកម្លាំងវាយប្រហារចម្ងាយឆ្ងាយប្រឆាំងនឹងការបន្តឈ្លានពានរបស់រុស្ស៊ី។

បើតាមសេចក្តីរាយការណ៍របស់ The straits times, នៅពេលទៅដល់ទីក្រុងប៉ារីស លោកប្រធានាធិបតី Zelensky នឹងជួបជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron ចំពេលរុស្ស៊ីបង្កើនការវាយលុកដោយមីស៊ីល និងយន្តហោះដ្រូនលើអ៊ុយក្រែនក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយទីក្រុងមូស្គូក៏ត្រូវបានគេរាយការណ៍ដែរថា បានសម្រុកវាយលុកផ្លូវគោក ដើម្បីដណ្តើមកាន់កាប់តំបន់ Zaporizhzhia ភាគអាគ្នេយ៍។
មេដឹកនាំអ៊ុយក្រែនរូបនេះបានបង្ហោះសារលើបណ្តាញសង្គម X នៅថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តត្រៀមរួចរាល់ហើយនៅបារាំង។ វានឹងក្លាយជាការពង្រឹងយ៉ាងសំខាន់នៃការប្រយុទ្ធផ្លូវអាកាស ពិសេសការការពារដែនអាកាស និងសមត្ថភាពការពារជាតិដទៃទៀត។
ការអត្ថាធិប្បាយរបស់មេដឹកនាំអ៊ុយក្រែនរូបនេះ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Macron បានសន្យាកាលពីខែមុនថា នឹងផ្តល់ឱ្យថែមទៀតនូវយន្តហោះចម្បាំង Mirage បន្ថែមពីលើការសន្យាពីមុនចំនួន ៦គ្រឿង និងកញ្ចប់ថ្មីនៃមីស៊ីលបាញ់ពីអាកាសទៅអាកាស Aster ចំនួន ៣០គ្រាប់ ដែលផលិតដោយក្រុមហ៊ុនអឺរ៉ុប MBDA ដើម្បីប្រើប្រាស់ជាមួយប្រព័ន្ធការពារដែនអាកាស SAMP/T ដែលប្រតិបត្តិការដោយអ៊ុយក្រែន។
គួរបញ្ជាក់ថា បារាំង និងចក្រភពអង់គ្លេស បានជំរុញបង្កើតសម្ព័ន្ធភាពជាមួយបណ្តាដៃគូប្រហែល ៣០ប្រទេស ដែលមានឆន្ទៈដូចគ្នា ក្នុងការបញ្ជូនកងទ័ព និងគ្រឿងសព្វាវទៅឱ្យអ៊ុយក្រែន ឬនៅតាមបណ្តោយព្រំដែនភាគខាងលិច នៅពេលដែលកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីត្រូវបានសម្រេចជាផ្លូវការ។ គោលបំណងសំខាន់នៃសម្ព័ន្ធភាពនេះ គឺធានាឱ្យអ៊ុយក្រែនមានជំនួយផ្នែកយោធា និងសេដ្ឋកិច្ចរយៈពេលវែងគ្រប់គ្រាន់ ដើម្បីរក្សាកងទ័ពរបស់ខ្លួនឱ្យរឹងមាំ អាចទប់ស្កាត់ការវាយប្រហារណាមួយរបស់រុស្ស៊ីនាពេលអនាគត៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
