អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនអ៊ុយក្រែនដែលលួចលក់គ្រឿងបន្លាស់ដ្រូនឱ្យអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ក្រសួងរតនាគារអាមេរិកបានដាក់ក្រុមហ៊ុនចំនួនពីររបស់អ៊ុយក្រែន ក្រុមហ៊ុន GK Imperativ និងក្រុមហ៊ុន Ekofera បញ្ចូលទៅក្នុងបញ្ជីខ្មៅ ឬក៏បញ្ជីទណ្ឌកម្មរបស់ខ្លួន ពាក់ព័ន្ធនឹងការផ្គត់ផ្គង់នូវសមាសធាតុសំខាន់ៗ ក្នុងការផលិតយន្តហោះគ្មានមនុស្សបើកដល់ក្រុមហ៊ុនផលិតយន្តហោះដ្រូនរដ្ឋ UAV នៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើតាមសេចក្តីរាយការណ៍ពី RT។

ចំណាត់ការដ៏ក្តៅគគុករបស់អាមេរិកលើក្រុមហ៊ុន GK Imperativ និងក្រុមហ៊ុន Ekofera របស់អ៊ុយក្រែននេះ ធ្វើឡើងជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មដ៏ទូលំទូលាយ មានគោលបំណងរារាំង ឬកាត់ផ្តាច់ខ្សែបណ្តាញលទ្ធកម្មផលិតយន្តហោះដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់។ កញ្ចប់ទណ្ឌកម្មចុងក្រោយនេះ បានកំណត់គោលដៅទៅលើក្រុមហ៊ុន និងបុគ្គលចំនួន៣២ ទាំងនៅអ៊ីរ៉ង់ អេមីរ៉ាត់អារ៉ាប់រួម តួកគី ចិន ឥណ្ឌា អាល្លឺម៉ង់ និងអ៊ុយក្រែន។

ក្រសួងរតនាគារអាមេរិកបានចោទប្រកាន់ក្រុមហ៊ុន ទាំងពីរថាជាក្រុមហ៊ុននាំមុខគេ ក្នុងការជួយសម្របសម្រួលផ្គត់ផ្គង់គ្រឿងបន្លាស់ដល់ក្រុមហ៊ុនឧស្សាហកម្មផលិតយន្តហោះ (HESA) របស់អ៊ីរ៉ង់។

HESA ត្រូវបានគេស្គាល់ទូទៅថា ជាក្រុមហ៊ុនរចនា និងជាផលិតករឯកទេសផ្នែកផលិតយន្តហោះដ្រូនប្រយុទ្ធផ្ទុកគ្រាប់រំសេវរយៈចម្ងាយឆ្ងាយ Shahed-131 និង Shahed-136។ ក្រុមហ៊ុននេះជាប់ទណ្ឌកម្មអាមេរិកចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ។

បើតាមក្រសួងរតនាគារអាមេរិក, គ្រឿងបរិក្ខាដែលដឹកជញ្ជូនទៅកាន់អ៊ីរ៉ង់ តាមរយៈការសម្របសម្រួលពីក្រុមហ៊ុនអ៊ុយក្រែនទាំងពីរ ក្នុងនោះមានដូចជាឧបករណ៍ឆ្លាតវៃ គ្រឿងម៉ាស៊ីន ឧបករណ៍ចាប់សញ្ញា និងគ្រឿងបន្លាស់ផ្សេងៗទៀត។

ទន្ទឹមគ្នា ក្រុមហ៊ុនអ៊ីរ៉ង់ចំនួន៣ទៀត ដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនអ៊ុយក្រែនទាំង២នេះ ក៏ត្រូវបានអាមេរិកអូសករដាក់បញ្ចូលទៅក្នុងបញ្ជីទណ្ឌកម្មផងដែរ។ នេះបើតាមក្រសួងប្រកាសកាលពីថ្ងៃពុធសប្តាហ៍មុន។

បើតាមការអះអាងរបស់អ៊ុយក្រែន, យន្តហោះដ្រូន Geran-2 ដែលរុស្ស៊ីប្រើវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែនកន្លងមក តាមពិតទៅ គឺយន្តហោះដ្រូន Shaheds ផលិតដោយអ៊ីរ៉ង់។

យ៉ាងណា ទាំងរុស្ស៊ី និងអ៊ីរ៉ង់បានបដិសេធការចោទប្រកាន់នោះ ដោយចាត់ទុកថា វាគ្រាន់តែជាការឃោសនាលាបពណ៌ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ក្នុងគោលបំណងតែមួយគត់ គឺដើម្បីទាក់ទាញជំនួយយោធារបស់លោកខាងលិចបន្ថែមទៀតមកកាន់ទីក្រុងកៀវ។ រីឯក្រសួងការពារជាតិរុស្ស៊ីក៏បានអះអាងដែរថា យន្តហោះដ្រូន Geran-2 របស់ខ្លួន គឺផលិតក្នុងស្រុកសុទ្ធសាធ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner