សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយប្រជាជនងាយរងគ្រោះបំផុត ១.០១៥គ្រួសារ នៅខេត្តស្ទឹងត្រែង
(ស្ទឹងត្រែង)៖ ឆ្លើយតបតម្រូវការបន្ទាន់របស់ប្រជាជនងាយរងគ្រោះបំផុត និងតាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ១.០១៥គ្រួសារ រស់នៅស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ឯកឧត្តម យូ ឡាណា បានពាំនាំនូវព្រះរាជសវនីយ៍របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅជាមួយលោកយាយលោកតា បងប្អូនប្រជាជនងាយរងគ្រោះទាំងអស់ រួមជាមួយការគិតគូរអំពីសុខទុក្ខនិងជីវភាពរស់នៅប្រចាំថ្ងៃ គ្រប់ពេលវេលាគ្រប់ទីកន្លែង ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ៕






ដោយ / គ្រី សម្បត្តិ