មេដឹកនាំវេណេស៊ុយអេឡាស្វាគមន៍ជំនួប ជាមួយលោកត្រាំ
ការ៉ាកាស ៖ លោក ម៉ាឌូរ៉ូ មេដឹកនាំ ប្រទេសវេណេស៊ុយអេឡាបានអះអាងថា លោកត្រៀមខ្លួនដើម្បីពិភាក្សា ‘ទល់មុខគ្នា’ ជាមួយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ ការអះអាងនេះធ្វើឡើង នៅប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ បានអះអាងថា លទ្ធភាពជួបលោក ម៉ាឌូរ៉ូ អាចនឹងកើតមាន។
ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បាននិយាយ កាលពីថ្ងៃច័ន្ទថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សា “ទល់មុខគ្នា” ជាមួយសមភាគីអាមេរិក លោក Donald Trump ។
លោក ម៉ាឌូរ៉ូ ដែលបានជាប់បោះឆ្នោតឡើងវិញ កាលពីឆ្នាំមុន ត្រូវបានបដិសេធលទ្ធផល ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ដោយចោទលោកថា ជាអ្នកក្លែងបន្លំ សន្លឹកឆ្នោត។ លោកបាននិយាយ ក្នុងកម្មវិធីទូរទស្សន៍ប្រចាំសប្តាហ៍ របស់លោកថា «ប្រទេសនេះនឹងបន្តមានសន្តិភាព ហើយ នៅសហរដ្ឋអាមេរិក អ្នកណាក៏ដោយ ដែលចង់និយាយ ជាមួយវេណេស៊ុយអេឡា យើងនឹងនិយាយទល់មុខគ្នា ដោយគ្មានបញ្ហា»។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅឯអាកាសយានដ្ឋានអន្តរជាតិ ស្ថិតក្នុងរដ្ឋផ្លរីដា កាលពីថ្ងៃអាទិត្យ ថា «យើងប្រហែលជា នឹងមានពិភាក្សាខ្លះៗ ជាមួយ ម៉ាឌូរ៉ូ ហើយ ពួកគេចង់ចរចាដែរ»។ ការប្រកាសរបស់លោកត្រាំ បានធ្វើឡើង បន្ទាប់ពីប៉ុន្មានថ្ងៃដែល ប្រទេសវេណេស៊ុយអេឡា ប្រកាសដាក់ពង្រាយយោធាទ្រង់ទ្រាយធំទូទាំងប្រទេស ស្ថិតក្នុងគោលបំណងទប់ទល់ការគំរាមកំហែង ពីវត្តមានកងទ័ពជើងទឹកអាមេរិក នៅឯឆ្នេរសមុទ្ររបស់ខ្លួន។
ចាប់តាំងពីដើមខែកញ្ញា រហូតដល់ត្រឹមសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោនបានវាយប្រហារទូក ប្រមាណ២០គ្រឿង នៅក្នុងដែនទឹកអន្តរជាតិ ដោយបានសម្លាប់មនុស្ស ជិត៨០នាក់ នេះបើយោងតាមតួលេខរបស់សហរដ្ឋអាមេរិក។ រាល់ការវាយប្រហារ អាមេរិកមិនទាន់បានបញ្ចេញភស្តុតាង ដែលបង្ហាញថា ទូក ឬកប៉ាល់ទាំងនោះត្រូវបានប្រើប្រាស់ដើម្បីរត់ពន្ធគ្រឿងញៀន ឬ បង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិកនៅឡើយទេ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត