កូឡុំប៊ីវាយប្រហារទ័ពព្រៃ ស្លាប់ទាំងកុមារ១៥នាក់ដែលគេចាប់ពង្រត់

បូហ្គោតា ៖ កុមារចំនួន១៥ នាក់ ដែលត្រូវបានចាប់ពង្រត់ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ដោយសារតែការវាយប្រហារ របស់យោធាកូឡុំប៊ី ទៅលើទ័ពព្រៃ ចាប់តាំងពីខែសីហាមក។

ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានរាយការណ៍ពីការស្លាប់ របស់កុមារ ៥នាក់ នៅក្នុងការទម្លាក់គ្រាប់បែកយោធា ពីរលើក ថ្មីៗនេះ ដោយបន្ថែមលើចំនួន ៧នាក់ ដែលត្រូវបានរាយការណ៍ ដោយការិយាល័យ នៃអ្នកឃ្លាំមើលសិទ្ធិមនុស្ស របស់ប្រទេសកូឡុំប៊ី។ តែ អាយុរបស់ពួកគេ មិនត្រូវបានផ្តល់ឱ្យទេ។

ក្រោយមក កាលពីថ្ងៃចន្ទ វិទ្យាស្ថានជាតិនីតិសាស្ត្រ និងវិទ្យាសាស្ត្រកោសល្យវិច្ច័យរបស់ប្រទេសកូឡុំប៊ី បាននិយាយថា អនីតិជនចំនួន៣នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលនៃការវាយប្រហារ កាលពីថ្ងៃទី ២៤ ខែសីហា នៅក្នុងនាយកដ្ឋាន Guaviare ភាគកណ្តាលឆៀងភាគខាងត្បូង។

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅប្រទេសកូឡុំប៊ីបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” លើការរាយការណ៍អំពីការស្លាប់ របស់អនីតិជន ដោយជំរុញឱ្យកងកម្លាំងសន្តិសុខធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីការពារកុមារដែលត្រូវបានចាប់ពង្រត់ ដោយក្រុមទ័ពព្រៃ។

ជាមធ្យម អនីតិជនម្នាក់ ត្រូវបានចាប់ពង្រត់ ជារៀងរាល់ ពីរថ្ងៃ ក្នុងប្រទេសកូឡុំប៊ី ដែលជាញឹកញាប់ ត្រូវបានហ្វឹកហ្វឺនជាអ្នកប្រយុទ្ធ។ រដ្ឋអាជ្ញាបាននិយាយថា កុមារជាង ១,១០០នាក់ ត្រូវបានចាប់ពង្រត់ ដោយក្រុមប្រដាប់អាវុធ ចន្លោះឆ្នាំ ២០១៩ និង ២០២៣។ ចន្លោះពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៦ មានចំនួនខ្ពស់ខ្លាំង រហូតដល់ ២៣,៨០០នាក់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner