វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាលកីឡាវាយគោល ចូលរួមជំរុញកីឡាវាយកូលគោលនៅកម្ពុជា កាន់តែមានសក្កានុពល
(ភ្នំពេញ)៖ ឯកឧត្តម ឆោម សំបូរ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាលកីឡាវាយគោល ដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ក្រោមការបណ្តុះបណ្តាលដោយគ្រូឧទ្ទេសអន្តរជាតិមកពីស្ថាបប័ន R & A នឹងរួមចំណែកជួយឱ្យសិក្ខាកាមជាគ្រូបង្វឹកយល់ដឹងកាន់តែច្បាស់អំពីជំនាញបណ្តុះបណ្តាលកីឡាករកីឡាការិនីវ័យក្មេង ។
ឯកឧត្តម អគ្គលេខាធិការរង បានរំលេចថា វគ្គបណ្តុះបណ្តាលនេះ គឺជាការបណ្តុះបណ្តាលលើកដំបូង ដែលមានកីឡាករកីឡាការិនីថ្មីៗចូលរួម ហើយក៏ផ្តល់ឱកាសឱ្យសិក្ខាកាមមិនធ្លាប់មានជំនាញកីឡាវាយគោលចូលរួមផងដែរ ក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹង និងពង្រីកនៃការផ្សព្វផ្សាយឱ្យកាន់តែផុសផុលខ្លាំងនៅកម្ពុជា។

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាលនេះ សិក្សារយៈពេល ៣ថ្ងៃគ្រូបង្វឹកបានក្រេបជញ្ជក់ពីយុទ្ធសាស្រ្តបង្ហាត់កុមារធ្វើយ៉ាងណាឱ្យកុមារដែលចូលរួមហ្វឹកហាត់បានសប្បាយរីករាយនិងចង់ហ្វឹកហាត់កីឡាកូនគោល។ ដោយក្នុងនោះ មានទាំងការសិក្សាទ្រឹស្តី និងការអនុវត្តផ្ទាល់នៅលើទីលានផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម អគ្គលេខាធិការរង ក៏បានអំពាវនាវដល់សិក្ខាកាមដែលទទួលបានចំណេះដឹងពីវគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាលរយៈពេល ៣ថ្ងៃនេះ សូមយកទៅអនុវត្តក្នុងការបង្ហាត់ឱ្យត្រឹមត្រូវទៅតាមអ្វីដែលដែលទទួលបានការចែករំលែកពីគ្រូឧទ្ទេសអន្តរជាតិ ដើម្បីបណ្តុះធនធានថ្នាលរបស់កម្ពុជាឱ្យកាន់តែមានសក្កានុពល។

លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានកោតសើរនិងវាយតម្លៃខ្ពស់ក្នុងការចំណាយពេលវេលារបស់សិក្ខាកាមមកចូលរួមវគ្គបណ្តុះបណ្តាលដើម្បីទទួលបានចំណេះជំនាញយកទៅបង្ហាត់ប្រកបដោយវិជ្ជាជីវៈ។ លោក សង្ឈឹមយ៉ាងមុតមាំថា សិក្ខាកាមដែលទទួលបានចំណេះជំនាញពីវគ្គនេះ នឹងនាំយកទៅចែករំលែកនៅមូលដ្ឋានជួយធ្វើឱ្យធនធានគ្រូបង្វឹកមានកាន់តែច្រើនដែលនឹងរួមចំណែកផលិតបានធនធានថ្នាលកាន់តែមានសក្កានុពល និង សប្បូរបែប ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាលកីឡាវាយគោល មានសិក្ខាកាមចូលរួមចំនួន៣០នាក់ក្នុងនោះមានសិក្ខាកាម៤នាក់មកពីប្រទេសមីយ៉ាន់ម៉ា ក្រោមការវាយតម្លៃរបស់គ្រូឧទ្ទេសអន្តរជាតិ សិក្ខាកាមទទួលបាននិទ្ទេសល្អភាគច្រើន៕





រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ