មន្ត្រីក្រសួងអប់រំ ៖ ការផលិត ឬការប្រើប្រាស់រ៉ូបូតក្នុងបរិបទ នៃការអភិវឌ្ឍសាលារៀន ពិតជាសំខាន់ សម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអប់រំ
(សៀមរាប)៖ មន្ត្រីក្រសួងអប់រំ ថា ការផលិត ឬការប្រើប្រាស់រ៉ូបូតក្នុងបរិបទ នៃការអភិវឌ្ឍសាលារៀន ពិតជាសំខាន់ណាស់ សម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងការបណ្តុះបណ្តាលសិស្សានុសិស្ស សម្រាប់យុគសម័យបច្ចេកវិទ្យា ។
ថ្លែងក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៥ វគ្គផ្តាច់ព្រ័ត នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នៅក្នុងសង្គម ដែលមានការរីកចម្រើនយ៉ាងលឿនផ្នែកបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ការរៀនរ៉ូបូទិក (Robotics) ជួយឲ្យសិស្សមានមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីត្រៀមខ្លួន សម្រាប់អាជីពនាពេលអនាគត។ ជាងនេះទៅទៀត រ៉ូបូត និងរ៉ូបូទិក គឺជាមធ្យោបាយដ៏ល្អ ក្នុងការផ្សារភ្ជាប់មុខវិជ្ជា វិទ្យាសាស្ត្រ (Science), បច្ចេកវិទ្យា (Technology), វិស្វកម្ម (Engineering) និង គណិតវិទ្យា (Mathematics – STEM) ទៅនឹងការអនុវត្តជាក់ស្តែងផងដែរ។ ហើយការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា AI និងបរិវត្តកម្មឌីជីថល បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការអភិវឌ្ឍលើគ្រប់វិស័យ ។
ឯកឧត្តម សេរី ជំនះ ក៏បានណែនាំដល់យុវជន ដែលជាតំណាងមកពី ២៥ រាជធានី-ខេត្ត ថា៖ ការបង្កើតស្នាដៃក្រុម ត្រូវការឲ្យសមាជិកទាំងអស់ ទទួលយកមតិរិះគន់ស្ថាបនា ការកែសម្រួលយោបល់គ្នា និងការផ្តុំគំនិត ដើម្បីរកចំណុចកណ្តាលដ៏ល្អប្រសើរមួយ ។ ការអភិវឌ្ឍខ្លួន ដោយត្រូវខិតខំតស៊ូ អត់ធ្មត់ ឧស្សាហ៍ព្យាយាម និងប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធ ។ ត្រូវមានឥរិយាបថ និងសីលធម៌ល្អ ក្នុងការរស់នៅ និងទំនាក់ទំនងជាមួយអ្នកដទៃ ។ ត្រូវទទួលយកលទ្ធផលនៃការប្រកួត និងត្រូវផ្តោតលើការក្រេបយកចំណេះដឹង ទទួលបានពីកម្មវិធី ដើម្បីអភិវឌ្ឍសមត្ថភាព ជាជាងការផ្តោតលើភាពឈ្នះចាញ់ ។
លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និង កុមារ បានឱ្យដឹងថា គោលបំណងនៃកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការផលិតរ៉ូបូតសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍសាលារៀន” គឺជាប្រធានបទដែលមានការពាក់ព័ន្ធខ្លាំងទៅនឹងការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពិសេស បញ្ញាសិប្បនិម្មិត (AI) ដែលជាឧបករណ៍សម្រាប់ជួយគាំទ្រ ដល់អ្នកសិក្សា និងការអភិវឌ្ឍសាលារៀន ។ ចំណេះដឹង AI កំពុងក្លាយជាតម្លៃបន្ថែម សម្រាប់ជួយបង្កើនសមត្ថភាពលើការគិត វិភាគ និងដោះស្រាយបញ្ហា ។ ការប្រកួតនេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕







ដោយ ៖ វណ្ណលុក