ត្រីគល់រាំង២ក្បាល និងត្រីត្រសក់មួយក្បាល ដែលជាត្រីដ៏កម្រ ត្រូវបានលែងទៅក្នុងជម្រកធម្មជាតិវិញ
ភ្នំពេញ៖ត្រីគល់រាំងគល់រាំងចំនួន២ក្បាល ដែលមានទម្ងន់ចន្លោះពី ១២ ទៅ១៦គីឡូក្រាមក្នុងមួយក្បាល ព្រមទាំងត្រីត្រសក់មួយក្បាលទម្ងន់ ២គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងទឹកទន្លេក្នុងទីជម្រកធម្មជាតិរបស់វាវិញនៅថ្ងៃអង្គារក្នុងសប្ដាហ៍នេះ។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ(the Wonders of the Mekong)បានឱ្យដឹងថា ត្រីដ៏កម្រទាំងពីរប្រភេទនេះត្រូវបានលែងបន្ទាប់ពីម្ចាស់ដាយត្រី និងប្រជានេសាទតាមដងទន្លេសាប និងទន្លេមេគង្គបានប្រគល់ដោយស្ម័គ្រចិត្តនៅពេលចាប់បានត្រីទាំង២ប្រភេទនេះរួចមក។ការប្រគល់នេះបានបង្ហាញថា ប្រជាពលរដ្ឋមានយល់ដឹងពីតម្លៃនៃធនធានធម្មជាតិ និងបានចូលរួមអភិរក្សមច្ឆាជាតិដ៏កម្រផងដែរ។

ប្រភពខាងលើនេះបញ្ជាក់ថា ត្រីទាំង២ប្រភេទចំនួនបីក្បាលនេះ ត្រូវបានលែងក្នុងទីធម្មជាតិវិញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។ជាមួយគ្នានេះគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គក៏បានថ្លែងអំណរគុណដល់ម្ចាស់ឧបករណ៍នេសាទ «ដាយត្រី ២ដេ» ព្រមទាំងបងប្អូនកម្មករនៅលើបែរទាំងអស់ ដែលបានទំនាក់ទំនងមកកាន់រដ្ឋបាលជលផល ដើម្បីចុះទៅលែងត្រីទឹកសាប ដែលកំពុងរងគ្រោះជិតផុតពូជទាំងនេះ ដើម្បីឱ្យវាបានទៅដល់ទីជម្រកដើមដោយសុវត្ថិភាព។

គួរសូមជម្រាបថា ត្រីគល់រាំងជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយក្នុងចំណោមត្រីធំៗបំផុតទាំង៣ប្រភេទ គឺទី១. ត្រីបបែលយក្ស ,ទី២. ត្រីរាជ និងទី៣.ត្រីគល់រាំង ។
ត្រីគល់រាំង មានប្រវត្តិយូរលង់ណាស់មកហើយទាក់ទងនឹងជីវភាពប្រជាជនតាំងពីមុនសម័យអង្គរមកម្ល៉េះ ដោយ សារតែនៅតាមប្រាង្គប្រាសាទបុរាណ នៅខេត្តសៀមរាបក៏មានរូបចម្លាក់ជាច្រើនទាក់ទងនឹងជីវភាពប្រចាំ ថ្ងៃរបស់ប្រជាជនដោយភ្ជាប់នឹងរូបត្រី ជាពិសេសគឺនៅប្រាសាទបាយ័ន ។នៅតាមជញ្ជាំងប្រាសាទបាយ័នផ្នែកខ្លះៗ យើងអាចមើលឃើញនូវចម្លាក់រូបត្រីគល់រាំងនេះ ដែលជាភស្តុតាងបញ្ជាក់អំពីទំនាក់ទំនងរវាងត្រីនេះ ទៅនឹងជីវភាពរស់នៅរបស់ប្រជាជនក្នុង
សម័យបុរាណកាល។
ចំណែកត្រីត្រសក់ ជាប្រភេទត្រីធំ ក្នុងចំណោមប្រភេទត្រីធំៗដទៃទៀត ដែលរស់នៅក្នុងទន្លេមេគង្គ។ ត្រីប្រភេទនេះ វាអាចធំលូតលាស់រហូតដល់ទម្ងន់ជាង៩០គីឡូក្រាម និងមានប្រវែងដងខ្លួនប្រមាណ ១,៥ ម៉ែត្រ ។
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានអំពាវនាវដល់ពលរដ្ឋសូមចូលរួមការពារប្រភេទត្រីកម្រ «ត្រីរាជ ត្រីគល់រាំង ត្រីបបែលយក្ស ត្រីត្រសក់ ត្រីប៉ាសាណាក និងធននធានជលផលដែលកំពុងរងគ្រោះឱ្យបានគ្រប់ៗគ្នា» ។មានន័យថាការពារត្រីកម្រនៅថ្ងៃនេះ គឺជាការការពារប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គសម្រាប់ពេលអនាគត និងទុកដល់កូនចៅជំនាន់ក្រោយៗទៀត៕
ដោយ៖ម៉ាដេប៉ូ

