លោក ត្រាំ ចាត់តាំង អារ៉ាប៊ី សាអូឌីត ជាសម្ព័ន្ធមិត្តដ៏សំខាន់មិនមែនណាតូ

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបាននិយាយថា លោកនឹងចាត់តាំងប្រទេស អារ៉ាប៊ី សាអូឌីត ជាសម្ព័ន្ធមិត្តដ៏សំខាន់ មិនមែនអង្គការណាតូ។

មេដឹកនាំរូបនេះ បានអះអាងដូច្នេះ ខណៈដែលលោកធ្វើជាម្ចាស់ផ្ទះ ទទួលព្រះអង្គម្ចាស់ Mohammed bin Salman របស់ប្រទេសនេះ សម្រាប់អាហារពេលល្ងាច នៅសេតវិមាន កាលពីថ្ងៃអង្គារ។

លោក Trump បាននិយាយថា «យប់នេះ ខ្ញុំមានសេចក្តីរីករាយ ក្នុងការប្រកាសថា យើងកំពុងកំណត់កិច្ចសហប្រតិបត្តិការយោធារបស់យើង ឱ្យកាន់តែខ្ពស់ ដោយកំណត់ជាផ្លូវការ នូវ អារ៉ាប៊ី សាអូឌីត ជាសម្ព័ន្ធមិត្តដ៏សំខាន់ មិនមែនណាតូ ជាអ្វីដែលមានសារៈសំខាន់ សម្រាប់ប្រទេសនេះ»។

លោក ដូណាល់ ត្រាំ បានបន្តថា «ខ្ញុំទើបតែប្រាប់អ្នកទាំងអស់គ្នា ឥឡូវនេះ ជាលើកដំបូង ពីព្រោះពួកគេចង់រក្សាការសម្ងាត់បន្តិច សម្រាប់យប់នេះ»។
លោកក៏បានបញ្ជាក់អំពីការចាត់តាំង ធ្លាប់មានតែ ១៩ ប្រទេសផ្សេងទៀត ដែលបានទទួលការកំណត់បែបនេះ ពីមុន។

បើតាម cbsnews, ការកំណត់នេះ អាចបើកទ្វារដល់កិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាង អារ៉ាប៊ី សាអូឌីត និង យោធាអាមេរិក។
បច្ចុប្បន្ន មានសម្ព័ន្ធមិត្តធំៗ ចំនួន ២០ ដែលមិនមែនជាអង្គការណាតូ រួមទាំង ប្រទេសមជ្ឈិមបូព៌ាផ្សេងទៀត ដូចជា អ៊ីស្រាអែល កាតា គុយវ៉ែត បារ៉ែន អេហ្ស៊ីប ទុយនីស៊ី និង ហ្ស៊កដានី។

នៅមុននេះ លោក ត្រាំ ក៏បានអនុម័ត “កញ្ចប់លក់អាវុធការពារជាតិដ៏សំខាន់” ដែលរួមបញ្ចូលទាំង “ការចែកចាយនាពេលអនាគត” នៃយន្តហោះចម្បាំង F-35 ។ ក្រៅពីនេះ ក៏បានយល់ព្រម ចែករំលែកបច្ចេកវិទ្យា AI ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner