គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួន​គន្លង ស្គន់-កំពង់ចាម សម្រេចលទ្ធផល ៧០%ហើយ

(ភ្នំពេញ)៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិ​លេខ​៧ ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូត​ដល់​ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងលេច​ចេញ​វឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្ន​ការដ្ឋានកំពុងសម្រុក បន្ទាប់ពីភ្លៀងបានថមថយ។គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជា​បួន​គន្លង(ស្គន់-កំពង់ចាម)ប្រវែង ៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84) ចាប់​ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូត​ដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេច​លទ្ធផលជារួម ៧០%ហើយ។ ផ្អែកលើល្បឿន នៃសកម្មភាពការដ្ឋាន គម្រោងនេះអាចបញ្ចប់នៅ​អំឡុង​ឆ្នាំ២០២៦ខាងមុខ ដែលមានន័យថា លឿន​ជាងផែនការក្នុងគម្រោង។

នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ផន រឹម រដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួង​សារធារណការ និងដឹកជញ្ជូន នៅលើបណ្តាញ​សង្គម នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទ AC (Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ម៉ែត្រ​(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨ (ស្មើប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុល​ស្ពានតូច-ធំ(ចាស់)ចំនួន ៧ស្ពាន (ស្មើប្រវែងសរុប ១១៦ម៉ែត្រ),លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងបរិក្ខាចរាចរណ៍នានា។

ផ្លូវជាតិ​លេខ​៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជា​សរសៃ​ឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បី​ជួយ​សម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូនផលិត​ផល​កសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើក​កម្ពស់​ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គម​ជាតិ។

ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវតភ្ជាប់ជាមួយផ្លូវជាតិ​លេខ​៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅ​រាជធា​នី​ភ្នំពេញ និងជាទិសដៅទៅខេត្តកំពង់ធំ សៀមរាប​…​។ល។ និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវ​សំខាន់ៗ​ផ្សេងៗទៀត។

កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិ​លេខ​៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ៧១C,ផ្លូវជាតិលេខ៧៣ ឆ្ពោះ​​ទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ​៧៦,​ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិ​ភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះ ក៏ភ្ជាប់ជា​មួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហា​អនុតំបន់មេគង្គ(GMS)ផងដែរ។

ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង ឯកឧត្តម​សូម​អំពាវនាវដល់អ្នកប្រើប្រាស់កំណាត់​ផ្លូវជាតិ​លេខ៧(ស្គន់-កំពង់ចាម)មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
ជាមួយគ្នានេះ ក្នុងនាមក្រសួងសារធារណការ និង​ដឹកជញ្ជូន សូមថ្លែងអំណរគុណដល់ប្រជាពល​រដ្ឋ​រស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋអ្នកធ្វើដំ​ណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិត​គុណភាពផ្លូវជាតិលេខ៧ កំពុងដំណើរការយ៉ាង​មមាញឹក​៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner