ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖យុទ្ធនាការជំរឿនមន្រ្តីលើកទី៤ មានគោលបំណងកំណត់ឱ្យបានច្បាស់លាស់ នូវរចនាសម្ព័ន្ធគ្រប់ប្រភេទមន្ត្រីដែលកំពុងបម្រើការងារជាក់ស្តែង
ភ្នំពេញ៖យុទ្ធនាការជំរឿននាពេលនេះ គឺជាលើកទី៤ ។យុទ្ធនាការនេះមានគោលបំណង ក្នុងការកំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិត គ្រប់ប្រភេទ មន្ត្រីដែលកំពុងបម្រើការងារជាក់ស្តែង និងធ្វើបច្ចុប្បន្នភាព និងការអភិវឌ្ឍទិន្នន័យក្នុងប្រព័ន្ធព័ត៌មានវិទ្យា និងកែលម្អឱ្យកាន់តែល្អប្រសើរឡើងនៃប្រព័ន្ធបើកផ្តល់បៀវត្សដល់មន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង។នេះជាការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈកាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបន្តថា តាមការរំពឹងទុក ការធ្វើជំរឿននាពេលនេះ គឺដើម្បីទទួលបានទិន្នន័យមួយដែលច្បាស់លាស់។មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នាតែម្តង។ ឯកឧត្តមបញ្ជាក់បន្ថែមថា “ដើម្បីសម្រេចបាននូវគោលដៅរួមរបស់យើង ក្នុងការងារជំរឿនរចនាសម្ព័ន្ធ និងមន្ត្រីជាក់ស្តែង ឈានទៅបាននូវទិន្នន័យមួយមានភាពច្បាស់លាស់ មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នានេះ ចាំបាច់ត្រូវការទំនាក់ទំនងគ្នា និងសហការគ្នាឱ្យបានស្អិតរមួតជាប្រចាំ ហើយក្រសួងមុខងារសាធារណៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការជាមួយគ្រប់ក្រសួង ស្ថាប័ន។
ទាក់ទងនឹងកិច្ចប្រជុំវិញ គឺដើម្បីពិនិត្យ និងពិភាក្សាលើស្ថានភាពទូទៅ និងដំណើរការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ក៏ដូចជាកំណត់ការងារបន្តក្នុងការអនុវត្ត។នៅក្នុងកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញចំនួន២ របស់ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ រួមមាន៖ បទបង្ហាញទី១. ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការ ពាក់ព័ន្ធនឹងដំណើរការនៃការធ្វើជំរឿនរចនាសម្ព័ន្ធ និងមន្ត្រីជាក់ស្តែង ក៏ដូចជាបទពិសោធដែលបានអនុវត្ត នៅក្នុងការជំរឿននៅក្រសួងមុខងារសាធារណៈ និងបទបង្ហាញទី២. ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ពាក់ព័ន្ធនឹងការគិតគូរចំពោះមុខនាំឱ្យសម្រេចបាននូវកិច្ចការងារជំរឿនមន្ត្រីជាក់ស្តែង។
ក្រោយពីបានស្តាប់មតិចូលរួមរបស់អង្គប្រជុំដែលជាធាតុចូលដ៏សំខាន់ និងការប្តេជ្ញាចិត្តចូលរួមក្នុងយុទ្ធនាការជំរឿនរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បន្តការសហការគ្នា ដោយធ្វើការរៀបចំសេចក្តីសម្រេចសមាសភាពនៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៃក្រសួង ស្ថាប័នសាមី ព្រមទាំងផែនការរៀបចំការធ្វើជំរឿន មកលេខាធិការដ្ឋានជំរឿន ឱ្យបានមុនសប្តាហ៍ទី២ ខែធ្នូខាងមុខនេះ៕



ដោយ៖ង៉ាន់ ទិត្យ