កម្ពុជា-ចិន ប្តេជ្ញាជំរុញលើកកម្ពស់ការដឹកជញ្ជូនបៃតងក្នុងប្រទេសកម្ពុជា
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានទទួលអំណោយយានជំនិះអគ្គិសនីពីវិនិយោគិនចិននៅកម្ពុជា ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចាប់ដៃជាមួយកម្ពុជា រួមគ្នាលើកកម្ពស់ការដឹកជញ្ជូនបៃតងនៅក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីប្រគល់ និងទទួលអំណោយយានជំនិះអគ្គិសនីនៅថ្ងៃទី១៨ ខែវិច្ឆិកា មន្រ្តីជាន់ខ្ពស់តំណាងក្រសួងពាណិជ្ជកម្មកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះក្រុមហ៊ុន CAMBODIAN LIGHTNING RIDING CO.,LTD ដែលបានប្តេជ្ញាចិត្តបោះទុនវិនិយោគលើកកម្ពស់ការដឹកជញ្ជូនបៃតងនៅកម្ពុជា ពិសេសផ្តល់ជម្រើសដឹកជញ្ជូនដែលសន្សំសំចៃ និងមិត្តភាពបរិស្ថាន ក៏ដូចជារួមបញ្ចូលថាមពលប្រកបដោយប្រសិទ្ធភាព ទៅក្នុងផ្នែកដឹកជញ្ជូនពាណិជ្ជកម្ម និងការធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មសូមលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនវិនិយោគិនចិន ចូលរួមលើកកម្ពស់ការកែលម្អ និងការអភិវឌ្ឍប្រព័ន្ធអេកូដឹកជញ្ជូនបៃតងនៅកម្ពុជា ស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយតម្រូវការដឹកជញ្ជូនពណ៌បៃតងកាន់តែមានភាពបន្ទាន់។ ដូច្នេះកម្ពុជាជឿជាក់យ៉ាងមុតមាំថា យានជំនិះអគ្គិសនីទាំងនេះ នឹងក្លាយជា “តំណបៃតង” ដែលជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនទូទាំងប្រទេស។
ឱកាសនោះដែរ លោក Danny Zhou អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន CAMBODIAN LIGHTNING RIDING CO.,LTD បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មតែងតែជាកម្លាំងចលករដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជាដៃគូដ៏ស៊ីជម្រៅរបស់យើង។

លោក Danny Zhou បញ្ជាក់ថា យានជំនិះអគ្គិសនីដែលប្រគល់ជូនក្រសួងពាណិជ្ជកម្មនាពេលនេះ សុទ្ធតែបានឆ្លងកាត់ការសាកល្បងយ៉ាងម៉ត់ចត់ និងសម្របតាមមូលដ្ឋានីយកម្ម ពិសសមានភាពងាយស្រួលធ្វើប្រតិបត្តិការ និងសុវត្ថិភាពខ្ពស់ ព្រមទាំងជាជម្រើសដឹកជញ្ជូនដែលសន្សំសំចៃ និងមិត្តភាពបរិស្ថាន ។
អ្នកគ្រប់គ្រងទូទៅរូបនេះ បានលើកឡើងទៀតថា ក្រុមហ៊ុនលោកជឿជាក់យ៉ាងមុតមាំថា ក្រោមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម យានជំនិះអគ្គិសនីទាំងនេះ នឹងក្លាយជា “តំណបៃតង” ដែលជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនទូទៅ ហើយ Lightning Ride ប្តេជ្ញាថា នឹងប្រកាន់ខ្ជាប់នូវគោលការណ៍នៃ “ការច្នៃប្រឌិត ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ” បន្តរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំងនៅប្រទេសកម្ពុជា និងក្នុងតំបន់៕




អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ឈឹម ទីណា