ក្រុមហ៊ុនស៊ីង ស៊ី វ៉ាង ត្រូវបានរកឃើញថា បានបង្កការបំពុលបរិស្ថាន

ភ្នំពេញ៖ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់លើក្រុមហ៊ុន ស៊ីង ស៊ី វ៉ាង (ខេមបូឌា)ស្ថិតភូមិគោកចំបក់ សង្កាត់ចោម​ចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យបញ្ឈប់ការដុតកម្ទេចក្រណាត់ក្នុងឡចំហាយជាបន្ទាន់ និងធ្វើការ​បំពាក់ប្រព័ន្ធសម្អាតផ្សែង ចេញពីឡចំហាយឱ្យបានត្រឹមត្រូវ។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានរកឃើញថា ក្រុមហ៊ុន ស៊ីង ស៊ី វ៉ាង (ខេមបូឌា) ដែលជាប្រភេទសេវាកាត់ដេរសម្លៀកបំពាក់ ស្ថិតភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានធ្វើការបំពុលបរិស្ថាន។ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបាន​ប្រើប្រាស់កម្ទេចក្រណាត់ដុតក្នុងឡចំហាយ ប្រហែល ៣-៤បាវក្នុងមួយថ្ងៃ (២០គ.ក/បាវ) ដែលឡចំហាយ​ជាប្រភេទ​ឡធម្មតា ពុំមានបំពាក់ប្រព័ន្ធចម្រោះសម្រាប់សម្អាតផ្សែងថែមទៀត។ ជាមួយគ្នានេះ គុណភាពខ្យល់ចេញ​ពីបំពង់​ផ្សែងឡចំហាយបឋម ត្រូវបានរកឃើញថាលើសកម្រិតស្ដង់ដារ។ កន្លងមកក្រុមហ៊ុនបានដំណើរការដោយគ្មាន​កិច្ចសន្យា​ការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ។

បន្ទាប់ពីរកឃើញយ៉ាងដូច្នេះ ក្រសួងបរិស្ថានតម្រូវឱ្យរៀបចំកិច្ចសន្យាការពារបរិស្ថាន ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងផ្ដល់យោបល់ និងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធពីក្រសួងបរិស្ថាន។ ជាមួយគ្នានេះ ក្រុមហ៊ុន​ត្រូវទទួលរងពិន័យអន្ដរការណ៍យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួត​ពិនិត្យការបំពុលខ្យល់ និងត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថាន​តាមការវាយ​តម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner