ប្រារព្ធបើកជាផ្លូវការព្រឹត្តិការណ៍លើកដំបូងនៃការប្រកួតកីឡាវាយកូនគោលពានរង្វាន់ Vattanac Legends Championship
ភ្នំពេញ៖ដូចអ្វីដែលបានគ្រោងទុកព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោលពានរង្វាន់ Vattanac Legends Championship រៀបចំដោយក្រុមហ៊ុនវឌ្ឍនៈសហការជាមួយ The Legends Tour បានប្រារព្ធបើកជាផ្លូវការនាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅទីលានកីឡាវាយកូនគោលវឌ្ឍនៈហ្គោល រីហ្សត។

អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានថ្លែងក្នុងអង្គពិធីថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលលំដាប់ពិភពលោកពានរង្វាន់ Vattanac Legends Championship របស់ The Legends Tour រៀបចំជាលើកដំបូងនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា នៅទីលានវឌ្ឍនៈហ្គោលរីហ្សតនេះ ។អ្នកឧកញ៉ា បានប្រដូចព្រឹត្តិការណ៍នេះដូចជាជូនពរជ័យសាទរដល់កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលទើបសម្រេចបានថ្មីៗក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។ តាមរយៈសន្តិភាពនិងការអភិវឌ្ឍនេះហើយ ទើបព្រឹតិ្តការណ៍ប្រកួតកីឡាវាយកូនគោលកម្រិតពិភពលោកដ៏ល្បីល្បាញរបស់ The Legends Tour អាចត្រូវបានរៀបចំឡើង និងប្រព្រឹត្តទៅយ៉ាងរលូន។

អ្នកឧកញ៉ា ឈុន លាង សង្ឃឹមថា តាមរយៈការប្រកួតនេះ ទាំងកីឡាករ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ នឹងទទួលបាននូវអារម្មណ៍និងបទពិសោធន៍ថ្មីប្លែក ជាមួយនឹងបរិយាកាសប្រកួតដ៏មនោរម្យបំផុតមិនអាចបំភ្លេចបាន ហើយនឹងចង់ត្រលប់មកលេងជាថ្មីម្តងទៀត នៅលើទីលានស្តង់ដារអន្តរជាតិក្រាលដោយវាលស្មៅពណ៌បៃតងដ៏ស្រស់ស្អាត រចនាឡើងដោយម្ចាស់ជើងឯក Major ៦សម័យកាល Sir Nick Faldo លាយឡំដោយដើមឈើធំៗនិងរុក្ខជាតិប្លែកៗដ៏ស្រស់បំព្រង និងលំអទៅដោយរូបចម្លាក់បេតិកភណ្ឌវប្បធម៌ខ្មែរជាច្រើនរួមមាន ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ចម្លាក់ព្រហ្ម និងលានជល់ដំរី ជាដើម ដែលសុទ្ធសឹងជាសំណង់សិល្បៈហត្ថកម្មដ៏វិចិត្ររបស់កម្ពុជា ធ្វើឱ្យព្រឹតិ្តការណ៍ប្រកួតនេះកាន់តែមានលក្ខណៈពិសេសទាក់ទាញ និងបង្កប់នូវអត្ថន័យកាន់តែជ្រាលជ្រៅ ដែលអាចប្រសិទ្ធនាមបានថា ជា “ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាពអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍ, លើកស្ទួយវិស័យទេសចរណ៍, បណ្តុះស្មារតីកីឡា, រឹតចំណងសាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការជាសកល សំដៅលើកកម្ពស់សុខដុមភាព និងវិបុលភាពទាំងក្នុងតំបន់ និងសកលលោក” ។

អ្នកឧកញ៉ាបន្ថែមថា នេះជាការបោះជំហានជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កម្ពុជានៅលើឆាកអន្តរជាតិ ដោយបង្ហាញទៅកាន់ពិភពលោកឱ្យឃើញកាន់តែច្បាស់នូវភាពរីកចំរើនជឿនលឿន និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជាក្រោមម្លប់នៃសន្តិភាពនាសម័យតេជោ-ធិបតី ដែលកម្ពុជាមានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលរៀបចំកម្មវិធីប្រកួតកីឡាកម្រិតអន្តរជាតិ ហើយអាចធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីបានប្រកបដោយជំនាញវិជ្ជាជីវៈ និងភាពកក់ក្តៅបំផុត។
អមថ្ងៃបើកព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោលលំដាប់ពិភពលោកនេះក៏មានការប្រកួតជាលក្ខណៈមិត្តភាព ដើម្បីអបអរសាទរ និងបង្ហាញនូវការស្វាគមន៍ចំពោះកីឡាករវាយកូនគោលអាជីពអន្តរជាតិ ៕







រូបភាព៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ