មនុស្សជាង ២២ លាននាក់នឹងស្លាប់ទូទាំងពិភពលោក បើសិនអាមេរិក-អឺរ៉ុបកាត់បន្ថយជំនួយ
វ៉ាស៊ីនតោន ៖ ការស្រាវជ្រាវថ្មីមួយព្រមានថា នៅឆ្នាំ ២០៣០ មនុស្សជាង ២២,៦លាននាក់ ដែលភាគច្រើនជាកុមារ អាចនឹងស្លាប់បាត់បង់ជីវិត ដោយសារតែការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប។
ការស្រាវជ្រាវថ្មីនេះ គឺជាការធ្វើបច្ចុប្បន្នភាពទៅលើការស្រាវជ្រាវពីមុនកាលពីដើមឆ្នាំ២០២៥ ដែលបានព្រមានធ្ងន់ៗថា ការកាត់បន្ថយជំនួយយ៉ាងច្រើនរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួមទាំងការរុះរើទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAid) នឹងបណ្តាលឱ្យមានមនុស្សប្រហែល ១៤លាននាក់បាត់បង់ជីវិត។
ការស្រាវជ្រាវថ្មីនេះ ធ្វើឡើងដោយផ្អែកតាមការកាត់បន្ថយជំនួយអភិវឌ្ឍន៍ផ្លូវការទាំងអស់ ខណៈដែលចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ក៏បានកាត់បន្ថយជំនួយរបស់ពួកគេដល់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
ហើយនេះជាលើកដំបូងក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ ដែលប្រទេសបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក សុទ្ធតែកាត់បន្ថយជំនួយក្នុងពេលតែមួយ។
គួរបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានកាត់បន្ថយចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ស្របតាមការណែនាំពីមហាសេដ្ឋីមានបំផុត លោក Elon Musk។ ហើយបន្ទាប់ពីឡើងកាន់តំណែងអាណត្តិទី២ មេដឹកនាំអាមេរិករូបនេះបានកាត់បន្ថយជំនួយបរទេសជាង ៨០ភាគរយ និងបិទ USAid ដែលជាទីភ្នាក់ងារផ្តល់ជំនួយធំជាងគេបំផុតរបស់ពិភពលោក៕


ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា