នាវាទេសចរណ៍យក្ស Westerdam ដែលកម្ពុជាធ្លាប់ជួយសង្គ្រោះ កាលពី ៥ឆ្នាំមុន បានវិលត្រលប់មកជាថ្មី ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ

(ភ្នំពេញ)៖ នាវាទេសចរណ៍ Westerdam ដែលកម្ពុជាធ្លាប់ជួយសង្គ្រោះពីការជិតដាច់ស្បៀង និងការរើសអើងមិនឲ្យចុះចតពីប្រទេសជាច្រើន ដោយការបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ ប្រមាណ ៥ឆ្នាំមុនកន្លងមកនោះ បានធ្វើដំណើរមកទស្សនកិច្ចកម្ពុជា ជាថ្មីម្តងទៀត ដោយការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីកម្ពុជា ។

នាវាទេសចរណ៍ Westerdam សញ្ជាតិ HOLLAND មានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ម៉ែត្រ, ជម្រៅ ៨,១០ម៉ែត្រ ដែលមានផ្ទុកមនុស្សជាង ២ពាន់នាក់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ២០២៥ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម ។

សូមរំលឹកថា នាវាទេសចរណ៍ Westerdam កាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២០ ដែលកាលនោះមានផ្ទុកមនុស្សចម្រុះជាតិសាសន៍ចំនួន ២ពាន់ ២៥៧នាក់ ត្រូវបានកម្ពុជាអនុញ្ញាតឱ្យចូលមកសំចតក្នុងកំពង់ផែខេត្តព្រះសីហនុ បន្ទាប់ពីកប៉ាល់សញ្ជាតិហូឡង់នេះ ត្រូវប្រទេសក្នុងតំបន់រារាំងមិនឱ្យចូលចតក្នុងកំពង់ផែរបស់ពួកគេ ដោយសារតែការព្រួយបារម្ភខ្លាចឆ្លងជម្ងឺរាតត្បាតកូវីដ-១៩ ដែលនាំឲ្យនាវា Westerdam ស្ថិតលើកណ្តាលផ្ទៃសមុទ្រ រយៈពេល ១២ថ្ងៃ ពេលនោះ គ្មានប្រទេសណាមួយហ៊ានជួយសង្គ្រោះឡើយ។ ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវទឹកចិត្តសប្បុរស ហ៊ានទទួលយកនាវា Westerdam ឱ្យចូលចតក្នុងកំពង់ផែខេត្តព្រះសីហនុ នៅថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០។

សម្តេចតជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តី កាលនោះ បានថ្លែងពីមូលហេតុនៃការជួយសង្គ្រោះមនុស្សជាតិ និងបង្ហាញពីសកម្មភាពមនុស្សធម៌ ដែលនាំឲ្យសម្តេចមិនអាចបដិសេធនូវសំណើរ នៃការសុំចុះចតនៃនាវា Westerdam ដូចប្រទេសដទៃបាន ៖
…(សម្លេង សម្តេចតេជោ )…

យោងតាមការផ្សាយព័ត៌មាននៅក្នុងផេកហ្វេសប៊ុកផ្លូវការ កំពង់ផែស្វ័យ័តក្រុងព្រះសីហនុ បានសរសេរថា នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨០៤នាក់, មាន ៣៩សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៥០នាក់ ដែលមាន ៤៣សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក អូស្រ្តាលី និងកាណាដា ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម ហួត ហាក់ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម បានសម្តែងការស្វាគមន៍ នៃការវិលត្រឡប់ជាថ្មីម្តងទៀតមកទស្សនាកម្ពុជា នៃនាវាអន្តរជាតិខ្នាតយក្សមួយនេះ ។ នៅជាមួយគ្នានោះ តាមរយៈវីដេអូ ដែលផ្សាយនៅលើហ្វេសប៊ុកផ្លូវការរដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញពីសកម្មភាពគារវកិច្ចនៃការរៀបចំឲ្យមានការទទួលភ្ញៀវទេសចរណ៍ទាំងនោះ ដែលបានចុះពីកប៉ាល Westerdam និងបានបង្ហាញពីសកម្មភាពរបស់ភ្ញៀវបរទេសទាំងនោះ ទៅកម្សាន្តនៅឆ្នេខ្សាច់សមុទ្រកម្ពុជា, ដើរកម្សាន្តនៅតាមតំបន់បូជានីយដ្ឋាន និងកន្លែងកម្សាន្តជាច្រើនទៀត នៅក្នុងខេត្តព្រះសីហនុផងដែរ ។ បន្ទាប់ពីចុះទស្សនាកម្ពុជារួច នាវាទេសចរណ៍នេះ បានចាកចេញទៅប្រទេសថៃ នៅថ្ងៃទី១៨ វិច្ឆិកា ដដែល ។

គួរបញ្ជាក់ថា ការចុះចត នៃនាវា Westerdam ទៅកាន់ប្រទេសណាមួយ ត្រូវគេឲ្យតម្លៃថា នឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសនោះ ដូចជាការបង្កើនប្រាក់ចំណូលពីទេសចរណ៍ ដោយសារតែ កប៉ាល់ Westerdam បានដឹកអ្នកដំណើរយ៉ាងហោច ២ពាន់នាក់ ដែលភ្ញៀវទេសចរមួយចំនួន នឹងចំណាយលើសេវាកម្មទេសចរណ៍ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងសកម្មភាពកម្សាន្តជាដើម។ បន្ថែមពីនោះទៀត ថែមទាំងបង្កើតការងារនៅតំបន់ចុះចតមួយចំនួនផងដែរ តាមរយៈតម្រូវការកម្លាំងពលកម្មច្រើន ដើម្បីប្រតិបត្តិការ រួមទាំងនាវិក បុគ្គលិកសេវាកម្ម និងមគ្គុទ្ទេសក៍ទេសចរណ៍ ដែលនេះអាចបង្កើតការងាររាប់រយ ឬរាប់ពាន់កន្លែងសម្រាប់ប្រជាជនក្នុងតំបន់ ។ ក្រៅពីនេះ នាវានេះនឹងជួយផ្សព្វផ្សាយទេសចរណ៍នៅក្នុងតំបន់ ដោយសារ ព្រឹត្តិការណ៍នៃការចតកប៉ាល់ Westerdam ជារឿយៗ ត្រូវបានចែករំលែកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដោយជួយផ្សព្វផ្សាយទេសចរណ៍ ទៅកាន់មនុស្សកាន់តែច្រើន ដែលអាចនាំឱ្យមានការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន នាពេលអនាគតផងដែរ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ FB: Huot Hak ហួត ហាក់ និង FB: រដ្ឋបាលខេត្តព្រះសីហនុ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner