អ៊ុយក្រែនរំអុកអឺរ៉ុបប្រញាប់ដកលុយបង្កកពីរុស្ស៊ី ១៦៣ពាន់លានដុល្លារ យកមកឲ្យខ្លួន
កៀវ ៖ អ៊ុយក្រែនបានរំអុកអឺរ៉ុប ឲ្យប្រញាប់ប្រញាល់ដកលុយបង្កករុស្ស៊ី ១៦៣ពាន់លានដុល្លារ មកប្រគល់ឲ្យខ្លួន ខ្ចីដើម្បីបានប្រើប្រាស់ នៅត្រឹមខែក្រោយ។ ជាការរំអុក ចំពេលដែលរដ្ឋាភិបាលទីក្រុង កៀវ បារម្ភពីកង្វះថវិកា ឆ្នាំ២០២៦ រួមរឹតជាមួយនឹងរឿងអាស្រូវពុករលួយ។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន រយធឺ នៅថ្ងៃពុធនេះ, ការទទូចចង់បានខ្លាំងពីសំណាក់អ៊ុយក្រែន បានកើតឡើង បន្ទាប់ពីមេដឹកនាំអឺរ៉ុបបានបរាជ័យ ក្នុងការយល់ព្រមលើ ការយកលុយបង្កករបស់រុស្ស៊ី ឲ្យទីក្រុង Kyiv ខ្ចី កាលពីខែមុន ប៉ុន្តែ គ្រោងនឹងពិភាក្សាម្តងទៀត នៅក្នុងកិច្ចប្រជុំកំពូលមួយ នៅថ្ងៃទី១៨ ខែធ្នូ ដោយអ៊ុយក្រែនរំពឹងខ្ពស់ពីការទទួលបានកិច្ចគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ធំ ជាលើកដំបូងរបស់ខ្លួន ចាប់ពីត្រីមាសទីពីរ នៃ ឆ្នាំ២០២៦។
លោកស្រី Iryna Mudra ទីប្រឹក្សាផ្នែកច្បាប់កំពូល នៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រាប់ ក្នុងកិច្ចសម្ភាសន៍មួយ ជាមួយសារព័ត៌មាន Reuters ថា កិច្ចប្រជុំកំពូល នាពេលខាងមុខនេះ អាចជាឱកាសចុងក្រោយ សម្រាប់អឺរ៉ុប ក្នុងការយល់ព្រមផ្តល់ប្រាក់កម្ចី សម្រាប់អ៊ុយក្រែន។ លោកស្រីមិនរំពឹងថា ព័ត៌មានលម្អិតបច្ចេកទេសទាំងអស់ នឹងត្រូវបានបញ្ចប់ នៅពេលនោះទេ ប៉ុន្តែ ការដាក់ចេញនូវប្រាក់កម្ចី ត្រូវតែទទួលការយល់ព្រមរួមគ្នា។
លោកស្រីក៏សង្ឃឹមថា អ៊ុយក្រែននឹងបានចូលរួមសម្រេចចិត្ត អំពីរបៀបបែងចែក និងផ្តល់អាទិភាព ដល់មូលនិធិនេះ ដោយលើកហេតុផលថា ប្រសិនបើគ្មានការចូលរួមដោយផ្ទាល់ ពី អ៊ុយក្រែនទេ ហានិភ័យនៃជំនួយនឹងក្លាយទៅជាគ្មានប្រសិទ្ធភាព ពីព្រោះ អ៊ុយក្រែនដឹងអំពីតម្រូវការ ពិតប្រាកដ។
កាលពីខែតុលា មេដឹកនាំសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាបំពេញ “តម្រូវការហិរញ្ញវត្ថុបន្ទាន់” របស់អ៊ុយក្រែន សម្រាប់រយៈពេល ២ ឆ្នាំ ខាងមុខ ប៉ុន្តែ មិនបានអនុម័ត ផែនការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កក ដើម្បីផ្តល់មូលនិធិដល់ប្រាក់កម្ចីដ៏ធំ ដល់ទីក្រុង Kyiv ដោយសារតែការព្រួយបារម្ភ ដែលលើកឡើងដោយប្រទេសបែលហ្ស៊ិក។
កាលពីថ្ងៃច័ន្ទ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់រដ្ឋាភិបាលអឺរ៉ុបនៅក្នុងលិខិតមួយ ថា ក្រៅពីប្រាក់កម្ចីតាមរយៈលុយបង្កករបស់រុស្ស៊ី, ក៏មានជម្រើស ២ ផ្សេងទៀតដែរ ក្នុងនោះ បណ្តាប្រទេសសហភាពអឺរ៉ុបអាចផ្តល់ជំនួយ និង មួយទៀត គឺ ការខ្ចីប្រាក់របស់ប្លុកនេះ នៅលើទីផ្សារ។ ឯកសារនេះ បានប៉ាន់ប្រមាណ ថា តម្រូវការដែលនៅសល់របស់អ៊ុយក្រែន សម្រាប់ឆ្នាំ២០២៦ ដល់ ២០២៧ មានចំនួន ជាង ១៥៧ពាន់លានដុល្លារ។
យ៉ាងណា ទំនាក់ទំនងរបស់ទីក្រុង Kyiv ជាមួយដៃគូបរទេស ក៏ផ្សារភ្ជាប់នឹងរឿងអាស្រូវពុករលួយ ក្នុងនោះ មានរដ្ឋមន្ត្រីពីររូប បានអស់តំណែង ជាមួយនឹងការអំពាវនាវ ពីសមាជិកសភាមួយចំនួន ឲ្យគណៈរដ្ឋមន្ត្រីទាំងមូល ត្រូវបណ្តេញចេញ ជុំវិញរឿងគម្រោងលុយ ១០០លានដុល្លារ ក្នុងវិស័យថាមពល។ ការណ៍នេះ រង្គោះរង្គើដល់ជំនឿ លើរដ្ឋាភិបាល និង បង្កបញ្ហាប្រឈមផ្នែកនយោបាយ ដល់លោក Zelensky៕
ប្រភពពី រយធឺ, ប្រែសម្រួល៖ សារ៉ាត