នាវាដឹកយន្តហោះទំនើបបំផុតទី ៣ របស់ចិន ចេញធ្វើសមយុទ្ធលើកដំបូង

ប៉េកាំ​ង ៖ នាវាដឹកយន្តហោះទំនើបបំផុតទី ៣ របស់ប្រទេសចិន ឈ្មោះថា Fujian បានចេញមុខធ្វើសមយុទ្ធដែនសមុទ្រជាលើកដំបូង ចាប់តាំងពីត្រូវបានដាក់ដំណើរការផ្លូវការ ។

បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua, នាវាដឹកយន្តហោះ Fujian ដែលចាប់ដំណើរការជាផ្លូវការ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចូលរួមធ្វើសមយុទ្ធដែនសមុទ្រជាមួយកងនាវាចម្បាំងជាច្រើនផ្សេងទៀតកាលពីថ្ងៃអង្គារ ។

ក្នុងសមយុទ្ធនៅលើនាវាដឹកយន្តហោះ Fujian នេះ មានការចូលរួមពីយន្តហោះច្រើនប្រភេទ រួមទាំងយន្តហោះចម្បាំងបំបាំងកាយ J-35 និងយន្តហោះ KJ-600 ផងដែរ ។

នាវាដឹកយន្តហោះ Fujian ត្រូវបានវិស្វករចិនរចនារាងឡើងស្រដៀងគ្នាទៅនឹងនាវាដឹកយន្តហោះរបស់អាមេរិកផងដែរ ។ វាមានផ្ទៃរាបស្មើ ហើយបំពាក់ដោយបច្ចេកវិទ្យាអេឡិចត្រូម៉ាញ៉េទិកដ៏ទំនើប សម្រាប់រុញយន្តហោះឲ្យហោះឡើង ។

បច្ចេកវិទ្យានេះ ជួយសម្រាលបន្ទុកនាវាផង និងយន្តហោះផង ហើយអាចធ្វើឲ្យការចុះចតរបស់យន្តហោះច្រើនប្រភេទដំណើរការបានយ៉ាងស្រួល ។

បើតាមទីភ្នាក់ងារបារាំង AFP, នាវាដឹកយន្តហោះ Fujian បានបង្ហាញពីសាច់ដុំកងទ័ពជើងទឹករបស់លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងការប្រែក្លាយខ្លួនជាកងកម្លាំង Blue Water នៅក្នុងបរិបទនៃការប្រឈមមុខផ្នែកភូមិសាស្រ្តទាំងនៅតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ជាពិសេសឥទ្ធិពលអាមេរិកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។

ចិនត្រូវបានគេទទួលស្គាល់ថា ជាមហាអំណាចកងទ័ពជើងទឹកដ៏ធំបំផុតរបស់ពិភពលោក បើគិតពីចំនួននាវាចម្បាំង រួមទាំងនាវាមុជទឹកផងដែរ ។

បើតាមវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍, គិតត្រឹមឆ្នាំ២០២៣ ចិនបានដាក់ដំណើរការនាវាចម្បាំងសរុបចំនួន ២៣៤ គ្រឿង ខណៈអាមេរិកមានត្រឹមតែ ២១៩ គ្រឿងប៉ុណ្ណោះ ៕

ប្រភព ៖ NHK និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner