លោក ត្រាំ ប្រកាសលូកដៃជួយបញ្ចប់សង្គ្រាមស៊ូដង់

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃពុធថា លោកនឹងធ្វើការ ដើម្បីបញ្ចប់សង្គ្រាមស៊ូដង់ តាមសំណើរបស់ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត។

នេះគឺជាលើដំបូង ដែលប្រធានាធិបតីអាមេរិករូបនេះ បានអធិប្បាយចូលខ្លួនមកដោះស្រាយជម្លោះ រវាងកងទ័ពរបស់ស៊ូដង់ និង កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ដែលបានសម្លាប់មនុស្ស រាប់ម៉ឺននាក់ និងបានជម្លៀសមនុស្ស ជិត១២លាននាក់ ចាប់តាំងពីការផ្ទុះឡើង នៅក្នុងខែមេសា ឆ្នាំ ២០២៣។

ថ្លែងនៅក្នុងវេទិកាធុរកិច្ច អារ៉ាប៊ី សាអូឌីត និង សហរដ្ឋអាមេរិក លោក ត្រាំ បានអះអាងថា «ភាពរុងរឿងរបស់ទ្រង់ ចង់ឱ្យខ្ញុំធ្វើអ្វីមួយ ដែលមានឥទ្ធិពលខ្លាំង ទាក់ទងនឹងប្រទេសស៊ូដង់»។ លោកអះអាងថា ទោះបីមិនស្ថិតនៅក្នុងកាលវិភាគការងារ របស់លោកក៏ដោយ ប៉ុន្តែ លោកគិតថា បើមិនលូកដៃទេ នោះនឹងកាន់តែអាក្រក់ ពិបាកគ្រប់គ្រងសង្គ្រាមនេះ។ លោកប្រកាសថា «យើងនឹងចាប់ផ្តើមធ្វើការ នៅស៊ូដង់»។

ថ្វីបើ កន្លងមក មេដឹកនាំរូបនេះ មិនអះអាងពីការជួយបញ្ចប់សង្គ្រាម ផ្ទាល់ក៏ដោយ តែ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញឲ្យមានបទឈប់បាញ់ រវាងភាគីជម្លោះ។ ក្នុងនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃសុក្រ ទើបបានទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីការបរទេស នៃ ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម ដើម្បីជំរុញស៊ូដង់ គាំទ្របទឈប់បាញ់។

គួរកត់សម្គាល់ លោក ដូណាល់ ត្រាំ អះអាង ម្តងហើយម្តងទៀត ថា លោកបានដោះស្រាយជម្លោះ ចំនួន ៨ ចាប់តាំងពីការវិលត្រឡប់ មកកាន់តំណែងវិញ កាលពីខែមករា ឆ្នាំ២០២៥៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner