មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ទីប្រឹក្សារបស់ក្រ​សួង ​គឺជាអ្នកផ្តល់​ប្រឹក្សា ជួយដល់ ប្រធាន ស្ថាប័ន និងថ្នាក់ដឹកនាំ​នៅក្នុងការងារប្រតិបត្តិការ​ប្រចាំ​ថ្ងៃ

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន បាន​លើក​ឡើង​ថា តួនាទីជាទីប្រឹក្សារបស់ក្រសួង​ព័ត៌មាន គឺមានសារៈសំខាន់ណាស់ ព្រោះជា​អ្នកផ្តល់ប្រឹក្សា ជួយដល់ ប្រធាន ស្ថាប័ន និង​ថ្នាក់ដឹកនាំនៅក្នុងការងារប្រតិបត្តិការជាប្រចាំថ្ងៃ របស់ក្រសួងព័ត៌មានដែលជាស្ថាប័ន គ្រប់គ្រង​ទៅ​លើវិស័យព័ត៌មាន ដែលជាស្ថាប័នគាំទ្រមួយ​យ៉ាង​សំខាន់ក្នុងការជួយទៅដល់ក្រសួង មន្ទីរ​ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅក្នុង​វិស័យព័ត៌មាន និងសាធារណៈមតិ ។

ប្រសាសន៍ ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួល ជាមួយ​ទីប្រឹក្សាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំបូក​សរុបលទ្ធ​ផល​ការងាររបស់ទីប្រឹក្សាក្រសួងព័ត៌មាន ឆ្នាំ២០​២​៥ និងលើកទិសដៅការងារបន្តសម្រាប់​ឆ្នាំ២០​២៦។

គួរបញ្ចាក់ថា ទីប្រឹក្សាក្រសួងព័ត៌មាន បច្ចុប្បន្ននេះ​មាន សរុបចំនួន ៤១៣នាក់ ស្រី១១៥នាក់ ហើយក្នុងចំណោមទីប្រឹក្សាទាំងនេះ មានចំនួន ៦៤រូប ត្រូវបានឯកឧត្តម រដ្ឋមន្ត្រី និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាល ចាត់បញ្ចូលជា​សមា​ជិក សមាជិកា ក្រុមការងារចុះមូលដ្ឋាន​ខេត្តក្រ​ចេះ ដើម្បីរួមបំពេញការងារជាមួយ​ប្រធាន​ក្រុម​ការងារក្រុង និងស្រុកទាំង៧ របស់ខេត្តក្រចេះ ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្របញ្ចកោណដំណាក់កាលទី១ របស់​រាជរដ្ឋា​ភិបាលកម្ពុជា។

ឯកឧត្តម ទន់ សារ៉ាត បានថ្លែងថា នេះជាលើក​ទី​២ហើយក្នុងរយៈពេលជាង ២ឆ្នាំ នៃដំណើរការ​របស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋ​ស​ភា ដោយក្រសួងព័ត៌មាន បានរៀបចំកិច្ចប្រជុំ​ទី​ប្រឹក្សា​ក្រសួងព័ត៌មាន ក្រោមការដឹកនាំ​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ជាមួយគ្នានេះដែរ ដើម្បីលើកស្ទួយការងារជំនាញ ក៏ដូចជាការផ្ទេរចំណេះជំនាញដល់ មន្ត្រីបន្តវេន ទីប្រឹក្សាក្រសួងព័ត៌មាន ចំនួន ៧៨នាក់ បានចូល​រួមជួយបណ្តុះបណ្តាលដល់មន្ត្រីតាមអគ្គនាយកដ្ឋានទាំង ៥ចំណុះឱ្យក្រសួង។ ក្រៅពីកិច្ចការ​ងារ​ស្នូល ទីប្រឹក្សាមួយចំនួនបានជួយចែករំលែក​ព័ត៌​មាន​ល្អៗ ដែលទទួលបានពីក្រុមការងារប្រចាំ​ការ​សមរភូមិព្រំដែន របស់ក្រសួងព័ត៌មាន ដោយ​ជួយ​បង្ហោះសារទាក់ទងដល់ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត ព័ត៌មានញុះញង់ជាដើម ៕

ដោយ ៖ ង៉ាន់ ទិត្យ
រុបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner