អនុប្រធានទី១អាជ្ញាធរមីនដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនទស្សកិច្ចមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគបាត់ដំបង នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥បានដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនមានដូចជា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តំណាងស្ថានទូតអូស្ត្រាលី សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ ស្ថានទូតជប៉ុន និងលុចសំបួ អញ្ជើញសកម្មភាពរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគបាត់ដំបង ដែលមានទីតាំងស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោក សាន សុវណ្ណ មន្ត្រីចុះសហគមន៍ នៃមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបងបានជម្រាប
ប្រតិភូថា ក្រុមការងារចល័តរបស់មជ្ឈមណ្ឌលបានមកធ្វើការជួសជុលអវៈយវៈសិប្បនិម្មិត ដៃ ជើង រណប គ្រឿងជំនួយឈើច្រត់ រទេះរុញ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឃុំតាលោ ស្រុកតាលោសែនជ័យ, វត្តធម្មយុត្ត ឃុំត្រពាំងជង ស្រុកបាកាន, វត្តក្ដីឧត្តមហៅវត្តក្ដីឈ្វិត ឃុំស្រែស្ដុក ស្រុកកណ្ដៀង, និងវត្តសុខសាមគ្គី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា បានផ្តល់សេវាកម្មប្រកបដោយមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះដោយសារមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ (ស.ផ.ស) និងជនមានពិការភាពទូទៅ ឱ្យមានលទ្ធភាពរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតឡើងវិញ។ជនមានពិការភាពចំនួន៨៧នាក់ ក្នុងឃុំស្រែស្តុក និងឃុំរាំងទិល ស្រុកកណ្តៀង បានទទួលសេវាពីមណ្ឌលស្តារ ក្នុងនោះ រួមមានការផ្តល់នូវឧបករណ៍ជំនួយកាយសម្បទា រួមមាន ការផលិតអវៈយវៈសិប្បនិម្មិត និងគ្រឿងរណប ព្រមទាំង ការជួសជុល ផ្លាស់ប្តូរ និងផ្តល់អវៈយវៈសិប្បនិម្មិត និងគ្រឿងរណបថ្មី ផងដែរ។
ក្នុងឱកាសនោះឯកឧត្ដមបណ្ឌិត លី ធុជ បានសរសើរមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ចំពោះការរួមចំណែកក្នុងការផ្តល់សេវា និងថែទាំដល់ជនមានពិការភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលតែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រដល់ការស្តារឡើងវិញ នូវកាយសម្បទាជនមានពិការភាព ជាពិសេសរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជននៅមូលដ្ឋាន៕
ដោយ៖ចេង ពុំ។