Toyota បោះទុនជាង ៩០០ លានដុល្លារជំរុញសន្ទុះផលិតឡាន Hybrid នៅសហរដ្ឋអាមេរិក

តូក្យូ ៖ ក្រុមហ៊ុន Toyota Motor របស់ប្រទេសជប៉ុនប្រកាសនឹងបោះទុនវិនិយោគបន្ថែមជាង ៩១២លានដុល្លារនៅសហរដ្ឋអាមេរិក ដើម្បីជំរុញការផលិតរថយន្តកូនកាត់ (Hybrid) របស់ខ្លួន ចំពេលកើនឡើងការប្រកួតប្រជែងទីផ្សាររថយន្តទំនើបសកល។

បើតាមសេចក្តីរាយការណ៍របស់ NHK កាលពីថ្ងៃពុធ, ការបោះទុនវិនិយោគបន្ថែមនេះ ជាផ្នែកមួយនៃផែនការរយៈពេល ៥ឆ្នាំរបស់ក្រុមហ៊ុនផលិតឡានខ្នាតយក្សរបស់ប្រទេសជប៉ុនមួយនេះ ក្នុងការចំណាយរហូតដល់ ១០ពាន់លានដុល្លារចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិក។

យោងតាមការលើកឡើងរបស់ក្រុមហ៊ុន Toyota, ការបោះទុនវិនិយោគបន្ថែមទៀតនេះ នឹងផ្តោតសំខាន់លើរោងចក្រផលិតរថយន្តចំនួន ៥ទីតាំងនៅសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបតាមតម្រូវការអតិថិជន ដែលកំពុងកើនឡើងការគាំទ្រសម្រាប់រថយន្តប្រភេទកូនកាត់ មានដូចជារថយន្តប្រើសាំង-អាគុយ និងរថយន្តប្រើសាំង-អគ្គិសនី។

ទីតាំងរោងចក្រមួយកន្លែងទៀតគឺនៅរដ្ឋ West Virginia ក៏នឹងទទួលបាននូវការវិនិយោគបន្ថែមជាង ៤៥០លានដុល្លារ ដែលនេះជាចំនួនច្រើនបំផុត។ កញ្ចប់វិនិយោគនេះ នឹងត្រូវប្រើប្រាស់លើការធ្វើទំនើបកម្មឧបករណ៍ជួយដល់ម៉ាស៊ីនហាយប្រ៊ីដ និងផលិតកម្មគ្រឿងបន្លាស់ផ្សេងទៀត។

បើតាមការលើកឡើងរបស់ក្រុមហ៊ុន Toyota, ខ្លួននឹងចាប់ផ្តើមផលិតរថយន្តម៉ូដែលកូនកាត់ម៉ាក Corolla នៅឯរោងចក្រក្នុងរដ្ឋ Mississippi។ រោងចក្រនេះនឹងចាប់ផ្តើមដំឡើងរថយន្តអគ្គិសនីម៉ាក Corollas ដំបូងគេដែលផលិតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៨ ហើយការវិនិយោគថ្មីនេះ នឹងបង្កើតឱកាសការងារដល់បុគ្គលិកជាង ២៥០នាក់នៅសហរដ្ឋអាមេរិក៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner