ទេសរដ្ឋមន្រ្តី អៀង មូលី ស្នើភាគីពាក់ព័ន្ធ ប្រកាន់​យក​គោលការណ៍ «បីមួយ» ដើម្បីឈានទៅបញ្ចប់​ការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍

(ភ្នំពេញ)៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹង​ជំងឺ​អេដ​​ស៍ បានស្នើដល់ភាគីពាក់ព័ន្ធ ឱ្យប្រកាន់​យក​គោលការណ៍ «បីមួយ» ដើម្បីឈានទៅបញ្ចប់​ការ​ឆ្លងរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ថ្លែងដូច្នេះ ក្នុង​ឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅសកម្មភាព ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការ​គណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីប្រធា​ន​គណៈ​កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងប្រធានលេខាធិការដ្ឋាន​ប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត អង្គការជាតិ អន្តរ​ជាតិ និងអង្គការសង្គមស៊ីវិល សរុប ១៨០​នាក់ ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងថា ក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ យើងបានបំពេញភារកិច្ចយ៉ាង​សកម្មរួមគ្នា ដើម្បីឈានទៅបញ្ចប់ការឆ្លង​រាល​ដាល​មេរោគអេដស៍ និងជំងឺអេដស៍ ក្នុងដំណាក់​កាលដែលស្ថានភាពជំនួយបរទេស មានការ​ធ្លាក់​ចុះ ខណៈគោលដៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការបញ្ចប់ជំងឺអេដស៍​នៅឆ្នាំ២០២៨ គឺស្ថិតក្នុងលក្ខខណ្ឌនៃការឈាន​ទៅសម្រេចបានរបស់យើង។ ប៉ុន្តែម្ចាស់ជំនួយ កំពុង​កាត់បន្ថយការគាំទ្ររបស់ខ្លួន ដែលយើង​ត្រូវ​ប្រឈមនឹងស្ថានភាពមួយ ដែលធនធានមាន​កំ​ណ​ត់ ពេលវេលាដែលមានខ្លី ហើយនឹងគោលដៅ មានមហិច្ឆតាខ្ពស់ ។

ឯកឧត្តម បន្តថា ក្នុងការផ្ទេរដំណាក់កាលនេះ យើង​ទាំងអស់គ្នា ចាប់ផ្តើមបំពេញតួនាទីក្នុង​ភាពជាម្ចាស់ រួមជាមួយនឹងការពង្រឹង​ភាពជាអ្នក​ដឹកនាំ ជាពិសេស ការទទួលខុសត្រូវរបស់គណៈ​កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការដៃគូ សំដៅ​ពង្រីក​សក្តានុពលនៃបទអន្តរាគមន៍នានា ព្រម​ទាំង​ធ្វើការសិក្សាស្រាវជ្រាវ និងជំរុញលើកទឹក​ចិត្តអ្នកសង្ស័យថា ផ្ទុកមេរោគអេដស៍ ឱ្យមក​ទទួល​សេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីឈាន​ទៅសម្រេចបានគោលដៅ ៩៥ ទី១ ។

ឯកឧត្តម បន្ថែមថា ចំណុចស្នូលចំនួនបី ដែល​ទាម​ទារក្នុងភាព ជាអ្នកដឹកនាំ និងភាព​ជាម្ចាស់ គឺ៖ -គំរូប្រតិបត្តិការ, -ការ​ធានាហិរញ្ញវត្ថុប្រកប​ដោយចីរភាព ដោយការបង្កើនប្រសិទ្ធភាពធន​ធាន​ដែលមានស្រាប់ និង-អភិបាលកិច្ចល្អ ។ ការ​ដក​ថយរបស់ម្ចាស់ជំនួយពីខាងក្រៅ មិនមែនជា​ការ​ថយក្រោយនោះទេ តែគឺជាលទ្ធផលផ្ទាល់ នៃ​ភាពជោគជ័យរបស់យើង ហើយនេះ ជាកត្តាចាំ​បាច់ ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរ ។

ដើម្បីទទួលបានជោគជ័យក្នុងបរិបទថ្មីនេះ ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវប្រកាន់យកគោលការណ៍ «បីមួយ» ដែលជាប្រព័ន្ធថាមវន្ត ក្នុងដំណើរការ​ក្រោមក្របខណ្ឌរួមមួយ គឺ៖ ផែនការយុទ្ធសាស្រ្ត​តែមួយ៖ សកម្មភាពរបស់យើង ត្រូវតែតម្រឹម​ឱ្យ​បានល្អសមស្របជាមួយយុទ្ធសាស្រ្តជាតិ។

យន្តការសម្របសម្រួលតែមួយ៖ កិច្ចខិតខំ​ប្រឹង​ប្រែង​ទាំងអស់ របស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបញ្ជូនតាមរយៈអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីលុបចេញការត្រួតជាន់ភារកិច្ច និង​បង្កើន​​ប្រសិទ្ធភាព ។

ប្រព័ន្ធតាមដាន និងវាយតម្លៃតែមួយ៖ យើងត្រូវតែ​ប្រើ​ប្រព័ន្ធជាតិតែមួយ ដែលអាចទុកចិត្តបាន សម្រា​ប់​ការតាមដានវឌ្ឍនភាព និងការប្រើប្រាស់​ធនធាន ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានស្នើគ្រប់ក្រសួង ស្ថា​ប័ន ជាពិសេស ប្រធានគណៈកម្មាធិការប្រយុទ្ធ​នឹងជំងឺអេដស៍ រាជធានី ខេត្តនីមួយៗ បង្ហាញពី​ភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់ តាមរយៈការ​ប្រកាន់ខ្ជាប់ និងភាពម៉ឺងម៉ាត់ចំពោះតម្លាភាព និង​គណនេយ្យភាព, ប្រសិទ្ធភាព និងអាទិភាព, ការ​ត្រួតពិនិត្យ និងតាមដាន ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner