អ្នកជំនាញចាត់ទុកការចងក្រងឯកសារមានសារៈសំខាន់នៅក្នុងវិស័យអភិរក្សធនធានបេតិកភណ្ឌ
ភ្នំពេញ៖ការអភិរក្សគឺជាសកម្មភាព នៃការថែរក្សា ការពារ គ្រប់គ្រង និងស្តារឡើងវិញនូវមរតកបុរាណ ដើម្បីរក្សាទុកកុំ ឱ្យបាត់បង់ ការបំផ្លាញ ឬរឹចរិលដោយប្រការផ្សេងៗ។ជាមួយគ្នាននេះការចងក្រងទុកឯកសារនោះក៏បានចូលរួមយ៉ាង សំខាន់មួយទៀតមិនអាចខ្វះបានដូចគ្នាផងដែរ។
លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរាបានអធិប្បាយថាគោលដៅនៃការអភិរក្ស គឺធានាការប្រើប្រាស់កេរមរតកដូនតាប្រកបដោយនិរន្តរភាព ដើម្បីបំពេញតម្រូវការមនុស្សបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយ។ ឧទាហរណ៍ ការអភិរក្សសំណង់ប្រវត្តិសាស្ត្រ គឺថែរក្សាមរតករូបី ដូចជាប្រាសាទ បារាយណ៍ ស្ពានថ្នល់បុរាណ និងអរូបី ដោយផ្តោតលើចំណេះដឹង ទំនៀមទម្លាប់ប្រពៃណី និងទំនាក់ទំនងជាដើម។ ដូច្នេះការចងក្រងឯកសារទាំងមុន និងក្រោយជួសជុលសំណង់ប្រាសាទបុរាណ គឺជាកត្តាដ៏សំខាន់នៅក្នុងផ្នែកនេះ។
លោក ជា សារិទ្ធិ បុរាណវិទូ និងជាអ្នកគ្រប់គ្រងកិច្ចការអភិរក្សនៅប្រាសាទបន្ទាយប្រី បានបញ្ជាក់ថា ការអភិរក្ស គឺថែរក្សា និងប្រើប្រាស់មរតកបុរាណដោយភាពឈ្លាសវៃ និងប្រុងប្រយ័ត្នខ្ពស់។ការចងក្រង និងរក្សាទុកឯកសារ គឺមានសារសំខាន់ខ្លាំងចំពោះវិស័យអភិរក្សធនធានវប្បធម៌។
លោកបុរាណវិទូដដែលបានចង្អុលទៅកិច្ចការខាងលើថាមានដូចជា កំណត់អត្តសញ្ញាណសំណង់បុរាណ,
រៀបចំផែនការជួសជុល និងថែទាំ, អ្នកអភិរក្សត្រូវមានវិជ្ជាជីវៈ ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ដើម្បីធានាថា ការជួសជុលសំណង់បុរាណអាចរក្សាបាននូវភាពដើម, តម្លាភាព និងការផ្ទេរចំចំណេះដឹង របាយការណ៍ រូបថតមុន និងក្រោយជួសជុល ព្រមទាំងបញ្ជីសម្ភារ គឺជាប្រភពព័ត៌មានសំខាន់ចំពោះអ្នកសិក្សាស្រាវ និងអភិរក្សជំនាន់ក្រោយ,
ការពារ និងផ្សព្វផ្សាយ ករណីមានគ្រោះមហន្តរាយ បាត់បង់ដោយធម្មជាតិ ឬចៃដន្យ ឯកសារដែលបានចងក្រង គឺជាកំណត់ត្រាចុងក្រោយដែលអាចប្រើប្រាស់សម្រាប់ការជួសជុលឡើងវិញ និងភស្តុតាងដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយនិង ឧបករណ៍អប់រំ ដែលបកស្រាយពីសារសំខាន់នៃបេតិកភណ្ឌទៅកាន់សាធារណជនទូទៅ និងជួយបង្កើនស្មារតីស្រឡាញ់ និងចូលរួមថែរក្សាពីសហគមន៍។
អាជ្ញាធរជាតិអប្សរាបានគូសរំលេចថាការសិក្សាស្រាវជ្រាវ ចងក្រង និងរក្សាទុកឯកសារ គឺជារឿងមិនអាចខ្វះបាន ចំពោះវិស័យអភិរក្សព្រោះអាចធានាបាននូវភាពត្រឹមត្រូវ និរន្តរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈនៃការអភិរក្ស និងជួសជុលសំណង់បេតិកភណ្ឌ ហើយធានាថា សម្បត្តិបេតិកភណ្ឌត្រូវបានថែរក្សានូវតម្លៃដើមរបស់វាយ៉ាងពិតប្រាកដ៕








ដោយ៖ម៉ាដេប៉ូ