ការប្រកួតប្រដាល់សកលជើងឯកថ្នាក់ជាតិឆ្នាំ២០២៥នេះបញ្ចូលវិញ្ញាសាសម្រាប់ថ្នាលប្លែកជាងឆ្នាំមុនៗ
ភ្នំពេញ៖ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នឹងដំណើរការប្រកួតផ្លូវការ រយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៦ នៅសាលកីឡាការ៉ាតេស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។
ការប្រកួតនេះរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាក្រោមការឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំយុវជននិងកីឡា។ជាការប្រកួតចម្រាញ់រកជើងខ្លាំងប្រចាំឆ្នាំនេះត្រូវបានសហព័ន្ធសម្រេចដាក់វិញ្ញាសាប្រកួតនិងប្រភេទទម្ងន់ប្រជែងមានដូចជា៖ វិញ្ញាសានិងប្រភេទទម្ងន់ត្រូវចូលរួមប្រកួត រួមមាន៖ វិញ្ញាសាថ្នាល (ក្រោម១៦ឆ្នាំ) ទម្ងន់ ៤០ គីឡូក្រាម, ៤៥គីឡូក្រាម ។ វិញ្ញាសាយុវជន (ក្រោម១៩ឆ្នាំ)ទម្ងន់ ៥១ គីឡូក្រាម, ៥៤ គីឡូក្រាម, ៥៧ គីឡូក្រាម។ វិញ្ញាសាបុរស(១៩ឆ្នាំឡើង)ទម្ងន់៥១គីឡូក្រាម, ៥៤គីឡូក្រាម, ៥៧ គីឡូក្រាម, ៦០ គីឡូក្រាម, ៦៣.៥ គីឡូក្រាម, ៦៧ គីឡូក្រាម និង ៧១ គីឡូក្រាម។ វិញ្ញាសានារី (មិនកំណត់អាយុ)ទម្ងន់ ៥៤ គីឡូក្រាម។
ឯកឧត្តម ប៊ុយ សោភណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥នេះ គឺមានការខុសប្លែកពីការកួតរៀបចំមុនៗ ដោយសារតែសហព័ន្ធបានដាក់បញ្ចូលនូវវិញ្ញាសាថ្នាល់សម្រាប់កីឡាករវ័យក្មេងអាយុក្រោម១៦ឆ្នាំ ទម្ងន់ ៤០ គីឡូក្រាម, ៤៥ គីឡូក្រាម។មូលហេតុដែលសហព័ន្ធសម្រេចបន្ថែមវិញ្ញាសាថ្នាលចូលក្នុងជើងឯកថ្នាក់ជាតិថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ត្រូវបានឯកឧត្តមពន្យល់ថា ដោយសារសហព័ន្ធចង់ផ្តល់ឱកាសឱ្យកីឡាករវ័យក្មេងបានចូលរួមការប្រកួតថ្នាក់ជាតិ ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសសម្រួចឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០៣១ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
ទន្ទឹមគ្នានេះឯកឧត្តម ប្រធានសហព័ន្ធក៏បានអំពាវនាវជូនដំណឹងដល់សមាគម ក្លឹបកីឡាប្រដាល់សកលរាជធានី-ខេត្ត ក្រសួង ទាំងអស់ មកទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៖ ១៧:០០ នាទីល្ងាច នៅទីស្នាក់ការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ស្ថិតក្នុងទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៕







ដោយ៖ ជាវ ចន្ធូ