សិក្ខាសាលាអន្តរជាតិ ស្តីពីការជំរុញផលិត​ភាព​នៅ​កន្លែងធ្វើការតាមរយៈការអនុវត្តប្រកបដោយ​ប្រសិទ្ធភាព

អត្ថបទដោយ៖
Sophol Kung

(ភ្នំពេញ)៖ សមាជិកនៃអង្គការផលិតភាពអាស៊ី APO ចំនួន ២១រូប មកពី ១៣ប្រទេស បាន​អញ្ជើញ​មកចូលរួមសិក្ខាសាលាអន្តរជាតិ ស្តីពីការ​ជំរុញផលិតភាពនៅកន្លែងធ្វើការតាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាព ដែលបានរៀបចំដោយ​កម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ សិក្ខាសាលានេះ បាន​កំពុង​នឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី​១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ​សណ្ឋាគារពូលូវៃ ក្នុងរាជធានីភ្នំពេញ និងដោយ​មានការចែករំលែកបទពិសោធន៍ និងទ្រឹស្តី និង​មានកម្មវិធីចុះទៅទស្សនកិច្ចដល់ទីតាំងជាក់ស្តែងតាមកម្មវិធីរៀបចំផងដែរ ។

ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ​ទទួល​បន្ទុក និងជាប្រធានអង្គការផលិតភាព​អាស៊ីនៅ​កម្ពុជា ដែលអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនោះ បានមានប្រសាសន៍ថា កម្ពុជាពិតជាមានក្តីសោម​នស្ស​រីករាយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀប​ចំសិក្ខាសាលាអន្តរជាតិដ៏មានសារសំខាន់នេះ ដែលជាព្រឹត្តិការណ៍លើកទីពីរហើយ នៅឆ្នាំ​២០២៥នេះ បន្ទាប់ពីលើកទី១ បានធ្វើឡើង​កាលពីខែឧសភាកន្លងទៅ ។

ការយល់ដឹងពីការជំរុញផលិតភាពនៅកន្លែងធ្វើការ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាព មិន​មែនត្រឹមតែជាជម្រើសនៃយុទ្ធសាស្ត្រនោះទេ ប៉ុន្តែ​ជាការចាំបាច់ក្នុងការជំរុញកំណើនអាជីវកម្ម និង​ប្រាក់ចំណេញ បង្កើនការពេញចិត្តពីអតិថិជន និង​បង្កើនសមត្ថភាពបុគ្គលិក និងពង្រឹងគុណសម្បត្តិ​ប្រ​កួត​ប្រជែងរបស់ក្រុមហ៊ុន សហគ្រាស នៅក្នុង​បរិយាកាសសកល ដែលមានភាពស្វាហាប់កាន់​តែខ្លាំងឡើង ។

ឯកឧត្តមបានបង្ហាញក្តីសង្ឃឹម និងជឿជាក់ថា កម្មវិធី​នេះនឹងផ្តល់ឱ្យអ្នកចូលរួមទាំងអស់នូវ​ឧបករណ៍ និងយុទ្ធសាស្ត្រ ដែលជាតម្រូវការយក​ទៅប្រើប្រាស់ដើម្បីបង្កើនផលិតភាពនៅកន្លែងធ្វើការ ពង្រឹងភាពរហ័សរហួនរបស់អង្គភាព និង​អនុម័តវិធីសាស្រ្តដែលជំរុញដោយទិន្នន័យសម្រាប់ការកែលម្អការអនុវត្តប្រកបដោយចីរភាព ។

លោក អ៊ុ សេរីវុទ្ធ ប្រធានមជ្ឈមណ្ឌលផលិត​ភាព​ជាតិ​ នៃកម្ពុជា បានថ្លែងដែលថា ការចូលរួម​សិក្ខា​សាលានេះ មិនត្រឹមតែបានរៀនសូត្រពីការចែករំ​លែកចំណេះដឹង និងបទពិសោធន៍ពីអ្នកជំនាញ​ប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាឱកាសមាស ដើម្បី​ធ្វើអន្តរកម្មក្នុងចំណោមអ្នកចូលរួមមកពីប្រទេសជាសមាជិក អង្គការផលិតភាពអាស៊ី APO ទាំង​អស់ បានចែករំលែកនូវការអនុវត្តល្អបំផុត នៃអ្វី​ដែលជាឧបករណ៍ និងបច្ចេកទេសត្រូវបាន​ប្រើ​ប្រាស់​សម្រាប់កន្លែងធ្វើការប្រកបដោយផលិត​ភាព​នៅក្នុងអង្គភាពការងារនៃប្រទេសរបស់គេនី​មួយៗរៀងខ្លួន ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វ៉េង លឹមហួត

ads banner