កម្ពុជាពីថ្ងៃនេះដល់ចុងខែវិច្ឆិកា ធាតុអាកាសនឹងចាប់ចុះត្រជាក់ដល់ក្រោម ២០អង្សាសេ
ភ្នំពេញ៖ធាតុអាកាសនៅកម្ពុជានឹងចាប់ចុះត្រជាក់ដល់ក្រោម ២០អង្សាសេពីថ្ងៃនេះ រហូតដល់ចុងខែវិច្ឆិកា ខណៈ
ពេលនេះភាពត្រជាក់ត្រូវបានកត់សម្គាល់ថា បានចាប់ផ្តើមនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យដឹងពីស្ថានភាពធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។របបខ្យល់មូសុងឦសាន មានឥទ្ធិពលខ្លាំង ហើយបក់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រ កម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់វាលទំនាប អាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា ២០អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ២៩អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។
តំបន់ខ្ពង់រាបអាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា១៨អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា២៨អង្សាសេហើយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី ។
តំបន់មាត់សមុទ្រ អាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យម អប្បបរមា២១ អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សាសេ ហើយខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ក្នុងល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ ។
ដោយឡែកតំបន់ជួរភ្នំដងរែក ជួរភ្នំក្រវាញ និងជួរភ្នំបូកគោ អាចមានធាតុអាកាសចុះត្រជាក់និងមានសីតុណ្ហភាពមធ្យម អប្បបរមា១៦អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា២៧អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។
ទន្ទឹមគ្នានេះក្រសួងធនធានទឹកក៏បានណែនាំដល់សាធារណជន និង អាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសចុះត្រជាក់នេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតមានជាយថាហេតុ ហើយក្រសួង នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាព ធាតុអាកាសនេះ ដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណី មានការប្រែប្រួល ៕

ដោយ៖ វណ្ណលុក