អ៊ីស្រាអែលសម្រេចចិត្តដោយឯករាជ្យ វាយប្រហារហ្គាហ្សា ទោះមានបទឈប់បាញ់

ហ្ស៊េរុយសាឡិម ៖ អ៊ីស្រាអែលបានលើកឡើងថា ប្រទេសនេះបានសម្រេចចិត្តដោយឯករាជ្យ ដើម្បីវាយប្រហារតំបន់ហ្គាហ្សា ទោះបីជាស្ថិតនៅអំឡុងពេល នៃ បទឈប់បាញ់ ក៏ដោយ។

អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Shosh Bedrosian បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា «អ៊ីស្រាអែលបានធ្វើការសម្រេចចិត្ត ដោយឯករាជ្យ ដើម្បីវាយប្រហារតំបន់ហ្គាហ្សាស្ទ្រីប»។

លោកស្រី បានចោទប្រកាន់ក្រុមហាម៉ាស់ថា បន្តបំពានបទឈប់បាញ់ ដោយអះអាងថា ពួកភេរវករ ឆ្លងកាត់ខ្សែបន្ទាត់លឿង។ ដូច្នេះ អ៊ីស្រាអែលបានធ្វើការសម្រេចចិត្ត ដោយឯករាជ្យ ដើម្បីធ្វើការវាយប្រហារតាមអាកាសទាំងនេះ ហើយ មិនបានសុំការអនុញ្ញាត ដើម្បីការពារខ្លួន និងប្រជាជន នោះទេ។

យ៉ាងណា មន្ត្រីអាមេរិកម្នាក់បានប្រាប់ AFP ថា សហរដ្ឋអាមេរិកត្រូវបានជូនដំណឹងជាមុន អំពីការវាយប្រហារ ដោយអ៊ីស្រាអែល។

ការវាយប្រហារថ្មីនេះ បានកើតឡើង កាលពីព្រឹកថ្ងៃពុធ ពោលគឺនៅមួយថ្ងៃបន្ទាប់ពីមានមនុស្សស្លាប់ច្រើនបំផុត ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលដូចគ្នា នៅក្នុងតំបន់ Gaza ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន នៅថ្ងៃទី១០ ខែតុលា។

អាជ្ញាធរសុខាភិបាលហ្គាហ្សា បាននិយាយថា ការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៥នាក់ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ខណៈដែលអ្នកសម្របសម្រួលបទឈប់បាញ់ គឺ ប្រទេសកាតា បានព្រមានថា កំពុងគំរាមកំហែងដល់បទឈប់បាញ់ដ៏ផុយស្រួយ រយៈពេលជាច្រើនសប្តាហ៍ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

អ្នកនាំពាក្យរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានជំរុញឱ្យភាគីទាំងអស់ ធានានូវបទឈប់បាញ់ ហើយបានអំពាវនាវឱ្យជនស៊ីវិល រួចផុតពីគ្រោះថ្នាក់។

លោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មានថា «យើងពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ដែលយើងបានឃើញ នៅក្នុងនោះ ជនស៊ីវិលត្រូវបានគេរាយការណ៍ថា ស្លាប់ និង រងរបួស»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner