អឺរ៉ុប និងអាហ្វ្រិកខាងត្បូងចុះកិច្ចព្រមព្រៀងរ៉ែ មុនប្រជុំ G20
ប្រេតូរីយ៉ា ៖ សហភាពអឺរ៉ុប និងអាហ្រ្វិកខាងត្បូងបានចុះកិច្ចព្រមព្រៀងរ៉ែ នៅមុនពេលមានកិច្ចប្រជុំកំពូល G20 កាលពីថ្ងៃព្រហស្បតិ៍។
ភាគីទាំងពីរបាននិយាយថា នេះគឺជាការឯកភាពគ្នា ជំរុញការរុករក, ការទាញយក, ការចម្រាញ់រ៉ែ និង លោហធាតុ នៅក្នុងប្រទេស អាហ្វ្រិកមួយនេះ។ ជាប្រទេសដែលសម្បូរធនធាន ដើម្បីធានាការផ្គត់ផ្គង់ សម្រាប់ការផ្លាស់ប្តូរបៃតង។
កិច្ចព្រមព្រៀង ដែលជាមូលដ្ឋានគ្រឹះ សម្រាប់កិច្ចសហប្រតិបត្តិការ នាពេលអនាគត ត្រូវបានចុះហត្ថលេខា នៅទីក្រុង Johannesburg នៅពេលដែលប្រធានសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen និង ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានជួបប្រជុំគ្នា នៅមុនកិច្ចប្រជុំកំពូល នៃបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ទាំង២០ ឬ G20 នៅប្រទេសអាហ្វ្រិកខាងត្បូង។
ទីក្រុង ប្រ៊ុចសែល បាននិងកំពុងពុះពារដើម្បីធានាបាននូវសារធាតុរ៉ែសំខាន់ៗ និងធាតុកម្រលើផែនដី ដែលមានសារៈសំខាន់ សម្រាប់ទំនិញអេឡិចត្រូនិក ដូចជា អាគុយ ជាដើម ហើយត្រូវការសម្រាប់ការផ្លាស់ប្តូរបៃតង របស់ប្លុកអឺរ៉ុបនេះ។
លោកស្រី von der Leyen បានប្រាប់ថា «យើងត្រូវការធាតុចូលទាំងនេះ ដើម្បីផ្តល់ថាមពលដល់ការផ្លាស់ប្តូរថាមពលស្អាត ទាំងនៅទីនេះ និង នៅអឺរ៉ុប»។
លោក Ramaphosa បានពណ៌នាកិច្ចព្រមព្រៀងថា ជារឿងមិនធ្លាប់មានពីមុនមក ដោយនិយាយថា វានឹងបង្កើតតម្លៃ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
អាហ្រ្វិកខាងត្បូង កាន់កាប់ច្រើនជាងបីភាគបួន នៃលោហធាតុកម្រ ពិភពលោក នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រអាមេរិក។
លោក Stephane Sejourne ប្រធានឧស្សាហកម្មរបស់សហភាពអឺរ៉ុប បាននិយាយថា «នៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយ ដែលមិនស្ថិតស្ថេរ កាន់តែខ្លាំងឡើង អឺរ៉ុបមានគោលបំណងធានាបាននូវខ្សែសង្វាក់ផ្គត់ផ្គង់នៃវត្ថុធាតុដើមសំខាន់ៗ និងធ្វើពិពិធកម្មប្រភពរបស់យើង»។
ប្លុក ២៧ ប្រទេស កំពុងស្វែងរកការបញ្ចប់ការពឹងផ្អែករបស់ខ្លួន លើរ៉ែកម្រ ពីប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំង បានប្រកាសពីការទប់ស្កាត់បន្ថែមទៀត លើការនាំចេញសារធាតុរ៉ែ ដែលមានសារៈសំខាន់ សម្រាប់វិស័យសំខាន់ៗជាច្រើន។
អាហ្វ្រិកខាងត្បូង ក៏មានការរកាំរកូសជាមួយអាមេរិក ចាប់តាំងពីលោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសនេះ អំពីការប្រកាន់ពូជសាសន៍ ជុំវិញការទុក្ខបុកម្នេញ ដល់កសិករស្បែកស។ ជាការកត់សម្គាល់ អាមេរិកបានបដិសេធ មិនចូលរួមកិច្ចប្រជុំ G20 នៅអាហ្រ្វិកខាងត្បូង៕



ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត