ឯកឧត្តម ឃួង ស្រេង ណែនាំ អាជ្ញាធរយក​ចិត្ត​ទុក​ដាក់ខ្ពស់ ដោះ​ស្រា​យ​ការកក​ស្ទះ​ចរាចរ

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង បានណែនាំ​ឱ្យ​​អភិបាល​ខណ្ឌទាំង១៤ យកចិត្តទុកដាក់​ឱ្យ​បានខ្ពស់បំផុត លើការដោះស្រាយការ​កក​ស្ទះ​ចរាចរ ពិសេសការចតយានយន្តគ្មាន​សណ្តា​​ប់​ធ្នាប់ និងការរំលោភទ្រូងផ្លូវ និង​ចិញ្ចើម​ផ្លូវ ពីសំណាក់អាជីវករមួយចំនួន ខណៈកំណាត់​ផ្លូវតូចធំ ចំនួន ១០៨ផ្លូវ ត្រូវបានរំលោភ​ធ្វើ​ឱ្យបាត់បង់សណ្តាប់ធ្នាប់ និងរបៀបរៀបរយ បណ្តាល​ឱ្យមានការកកស្ទះចរាចរណ៍។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃ​គណៈ​អភិ​បាល​​រាជ​ធានីភ្នំពេញ បានណែនាំបែបនេះ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ​២០​២៥ ក្នុងកិច្ចប្រជុំស្តីពីការងាររៀប​ចំ​សណ្តា​ប់​ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងភូមិ​សាស្ត្រ​រាជធានីភ្នំពេញ ជាមួយកងកម្លាំង និង អាជ្ញាធរ​ខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង បន្តថា តាមការសង្កេត​ជាក់​ស្តែងក្នុង ១សប្តាហ៍កន្លងមកនេះ នៅ​រាជ​ធា​​នីភ្នំពេញ មានការកកស្ទះចរាចរណ៍​យ៉ាង​ខ្លាំង ពិសេសនៅលើបណ្តោយ​ផ្លូវធំៗ និង​ផ្លូវ​ចេញចូលរាជធានីភ្នំពេញ។ តាមការសិក្សា ការ​កកស្ទះចរាចរណ៍នេះ គឺបណ្តាលមក​ពី​ការ​ចត​យានយន្តមិនមានសណ្តាប់ធ្នាប់ និងមួយ​ចំនួ​ន​ទៀតបណ្តាលមកពីប្រជាពលរដ្ឋមកពីប្រទេសថៃ និងមកពីបណ្តាខេត្តផ្សេងៗទៀត សម្រុក​មក​​ភ្នំពេញដើម្បីរកការងារធ្វើ។

ចំពោះការកកស្ទះ​ចរាចរណ៍នេះ ត្រូវយកចិត្ត​ទុកដាក់ដោះ​ស្រាយ​ឱ្យប្រសើរឡើង ជៀសវាង​ឱ្យបាននូវការថ្នាំង​ថ្នាក់​ពីសំណាក់ប្រជាពលរដ្ឋ ពិសេសមើលនៅ​តាមសាលារៀនឯកជនមួយ​ចំនួន ដោយសាលា​ទាំងនេះ ក្នុង ១ថ្ងៃបាន​ស្ទះ​ចរាចរណ៍រហូត ​៤ដ​ង ។ បន្ថែមពីនេះ​ត្រូវត្រួត​ពិនិត្យ និងចាត់​វិធាន​ការចំពោះការចតយាន​យន្ត មិនមាន​ស​ណ្តា​ប់​ធ្នាប់ និងការលក់ដូរ​របស់​​បងប្អូន​អាជីវករ ។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា៖ នៅ​រាជ​ធា​នី​ភ្នំពេញមានកំណាត់ផ្លូវតូចធំចំនួន ១០៨​ផ្លូវ ត្រូ​វ​បានរំលោភធ្វើឱ្យបាត់បង់​សណ្តាប់​ធ្នាប់​របៀ​ប​រៀបរយ។ តែទោះបីជាយ៉ាងណាក្តី អាជ្ញា​ធ​ររាជ​ធានីភ្នំពេញ បានណែនាំ និង អនុវត្ត​លើ​ការ​ងារ​នេះបានល្អប្រសើរបានមួយកម្រិតហើយ ៕

រូបភាព៖ ថេត វិចិត្រ
អត្ថបទ៖ ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner