សមត្ថកិច្ចកំពុង​ស៊ើ​ប​អង្កេត លើសំណុំ​រឿង​រំដោះ​ឧក្រិដ្ឋជន ៦​នា​ក់ នៅសាលា​ដំ​បូង​​​ខេត្ត​ស្វាយរៀង

(ភ្នំពេញ)៖ ក្រោយការរត់គេចខ្លួន និងការ​ចាប់​ខ្លួន​បាន​មកវិញទាំងអស់ នៃ ជនសង្ស័យចំនួន ៦នាក់ រួមទាំងស្រ្តីជនជាតិវៀតណាមម្នាក់​ដែលរួមគំនិត​រំដោះបក្សពួករបស់ខ្លួននៅសាលាដំបូងខេត្តស្វាយរៀងនោះ កំពុងត្រូវបានស្ថិតនៅក្នុងការ​សង្ស័យថា កើតឡើងពីអ្វីឱ្យពិតប្រាកដ ដោយមាន​ការចោទ​ប្រកាន់ពីសំណាក់​បណ្តាញ​សង្គម​ហ្វេ​ស​​ប៊ុក និង​ដាក់ការសង្ស័យ​ថា អាចមានការឃុបឃិត​ណា​មួយ ពីសមត្ថកិច្ច និង ខ្លះទៀតថា ជាការហ្វេសប្រ​ហែស​របស់សមត្ថកិច្ច​ប៉ុណ្ណោះ ។

ទាក់ទិនក្នុងរឿងនេះអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃ ក្រសួងមហាផ្ទៃ លោក ឃៀង សុណា​ឌីន បានប្រាប់ទូរទស្សន៍អប្សរាថា៖គិតរហូត​មកដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥​នេះ ក្នុង​ប្រតិបត្តិការតាមចាប់ខ្លួនជនជាប់ឃុំទាំង ៦នាក់ និងស្ត្រីម្នាក់ដែលបានបន្លំខ្លួនចូលក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀងដើម្បីរំដោះបក្សពួកខ្លួននោះ កំពុងធ្វើការសើបអង្កេតបន្ថែមទៀតថា តើ​ការ​រត់គេចខ្លួនរបស់ជនជាប់សង្ស័យបណ្តាមក​ពី​អ្វីពិតប្រាកដ។

គួរបញ្ជាក់ថា ជនជាប់សង្ស័យចំនួន ៦នាក់ ដែល​បាន​រត់គេចខ្លួនចេញពីសាលាដំបូង​ខេត្តស្វាយ​រៀង​ ក្នុងពេលក្រុមអនុរក្ស ពន្ធនាគារនាំខ្លួន ពួក​គេមកកាត់ទោសនោះត្រូវបានស្រ្តីវ័យក្មេង ជន​ជាតិវៀតណាម ម្នាក់ ឈ្មោះ ង្វៀង ធី ហាយវ៉ាន់ បាននាំអាវុធខ្លីឱ្យបក្សពួករបស់គេ និង មធ្យោ​បាយ រថយន្តមួយគ្រឿង ដោយបានបាញ់រំដោះ រួចហើយនាំគ្នាឡើងរថយន្តគេចខ្លួនតែម្តង ។ ក្រោយមកក្រុម​សមត្ថ​កិច្ចបានតាមចាប់ខ្លួនទាំង​អស់មកវិញដោយបានបិទបញ្ចប់នៅថ្ងៃដដែលពោលគឺកាលពីថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៥។

លោក ឃៀង សុណាឌីន បញ្ជាក់ប្រាប់ថា ជន​សង្ស័យ​ទាំង ៦នាក់ រួមទាំងស្រ្តីម្នាក់​បាន​រំដោះ​ជនសង្ស័យ រួមគ្នាទាំងអស់ ៧នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ពេលនេះក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានពន្ធនា​គារ កំពុងស៊ើបអង្កេតស្រាជ្រាវ និងរង់ចាំ​មើល​​លទ្ធផល ថាតើហេតុការណ៍​ដែលបាន​កើត​ឡើង​នៅក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀងនេះ បណ្តាលមកពីភាពចន្លោះប្រហោង​នៅក្នុង​ការ​អនុវត្តតួនាទីរបស់មន្ត្រីពន្ធនាគារ ឬយ៉ាងណា​ឱ្យ​ពិតប្រាកដ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានបញ្ជាក់ថា”យើងកំពុងរង់ចាំលទ្ធផលសាកសួរចម្លើយរបស់សមត្ថកិច្ចបន្ថែមទៀត។ខ្ញុំសុំបញ្ជាក់ថា ក្នុងការដឹកក្រុមជនសង្ស័យមកបើកសវនាការនេះមានចំនួន ២គន្លាក់។ ក្នុងនេះមានចាក់សោរស្រ្តី​ជនជាប់សង្ស័យមួយតង់ឱ្យពួកគេចុះពីរថយន្ត ចូលទៅកាន់កន្លែងសវនាការហើយ តែយើងនៅ​មាន​ទ្វារសុវត្តិភាពមួយតង់ទៀត​ដែលជាទី​កន្លែង​ជនសង្ស័យទាំង៦នាក់ចុះទៅកាន់ទីសវនាការ”។

បើតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន បានបញ្ជាក់​ប្រាប់​ដែរ​ថា៖”ការសើបអង្កេតកំពុងធ្វើបន្តបន្ថែមទៀត ហើយលទ្ធផលនោះនឹងធ្វើការប្រកាសនៅថ្ងៃខាងមុខ”។

ទាក់ទិនក្នុងរឿងនេះដែរ លោក ឈីវ អ៊ិចគង់ អ្នក​នាំ​ពាក្យនៃអយ្យការសាលាដំបូងខេត្ត​ស្វាយរៀង​បានបញ្ជាក់ប្រាប់ឱ្យដឹងថា ពេលនេះការស៊ើប​អង្កេត​កំពុងដំណើរការនៅឡើយ​ថាតើការ​រំដោះ​ជនសង្ស័យចេញពីបរិវេណសាលាដំបូងរបស់ខេត្តស្វាយរៀង​នេះ កើតចេញពីអ្វី ហើយនៅពេល​លទ្ធ​ផលចេញមកយ៉ាងណានោះខាងសាលាដំបូងខេត្តស្វាយរៀងនឹងធ្វើការប្រកាសប្រាប់សាធារណជន។

គួរបញ្ជាក់ថា ឧក្រិដ្ឋជនជនជាតិ​វៀត​ណាម ទាំង ៦នាក់នេះ ពួកគេជាប់សង្ស័យពាក់ព័ន្ធករណី Scam Online ដែលត្រូវបានសមត្ថកិច្ចជំនាញ​ចាប់​ខ្លួនបានកាលពីពេលកន្លងទៅ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner