លោក ពូទីន គ្រោងសាងសង់រោងចក្រនុយក្លេអ៊ែរ ៣៨ទីតាំង ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ
ម៉ូស្គូ ៖ មេដឹកនាំកំពូលរុស្ស៊ីបានបង្ហើបឱ្យដឹងពីផែនការសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរចំនួន ៣៨កន្លែង ដែលទិន្នផលសរុបរបស់វា នឹងស្មើសមត្ថភាពផលិតថាមពលបរមាណូបច្ចុប្បន្នរបស់ប្រទេសរុស្ស៊ីក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ។
បន្ទាប់ពីបានទស្សនាការសម្តែងរបស់មនុស្សយន្តរុស្ស៊ីរួច លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រាប់សន្និសីទ AI Journey នៅថ្ងៃព្រហស្បតិ៍ថា ចំពោះផែនការអនាគតរបស់យើង… យើងមានគម្រោងសាងសង់សាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរចំនួន ៣៨កន្លែង ក្នុងរយៈពេលតិចជាងពីរទសវត្សរ៍ មានទីតាំងនៅតំបន់អ៊ុយរ៉ាល់ ស៊ីបេរី និងចុងបូព៌ារុស្ស៊ី។
លោកប្រធានាធិបតី ពូទីន បន្តថា ទិន្នផលរួមបញ្ចូលគ្នារបស់ពួកវា នឹងស្មើសមត្ថភាពផលិតថាមពលបរមាណូបច្ចុប្បន្នរបស់យើង ហើយថា រុស្ស៊ីនឹងបន្តសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅកន្លែងរោងចក្រថាមពលនុយក្លេអ៊ែរដែលមានស្រាប់។
មេដឹកនាំរុស្ស៊ីមានវ័យ៧៣ឆ្នាំរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា ការអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទំនងជាកិច្ចការបច្ចេកវិទ្យាដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ៕
ប្រភព ៖ ស៊ីនហួរ និង Tass ប្រែសម្រួល ៖ ឈឹម ទីណា
