អឺរ៉ុប ច្រានចោលផែនការសន្តិភាពរបស់ អាមេរិក ដើម្បីបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

កៀវ៖ សហភាពអឺរ៉ុបបានប្រកាសច្រានចោលផែនការសន្តិភាពចុងក្រោយបង្អស់ដែលដាក់ចេញដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។

ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើនរាយការណ៍ថា កិច្ចព្រមព្រៀងចំនួន ២៨ ចំណុចដែលដាក់ចេញដោយអាមេរិក គឺបង្កើតឡើងដោយសារតែមានការត្រូវរ៉ូវគ្នាជាមួយទីក្រុងមូស្គូ ។

បើតាមសារព័ត៌មាន RT, ផែនការសន្តិភាពនេះ នឹងតម្រូវឲ្យអ៊ុយក្រែន ដកខ្លួនចេញពីផ្នែកខ្លះ នៃ តំបន់ Donbass , កាត់បន្ថយកងកម្លាំងយោធា យ៉ាងហោចណាស់ពាក់កណ្តាល, ឈប់ទាមទារអាវុធទំនើបៗ និង បោះបង់មហិច្ឆតាចូលជាសមាជិកអង្គការណាតូ ។

ទីក្រុងកៀវបញ្ជាក់ថា ផែនការទាំងនេះបានធ្លាក់ដល់ដៃលោកប្រធានាធិបតី Volodymyr Zelensky រួចហើយ ហើយលោកប្រធានាធិបតីក៏រំពឹងនឹងជួបពិភាក្សាលម្អិតពីផែនការនេះជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅប៉ុន្មានថ្ងៃខាងមុខនេះផងដែរ ។

យ៉ាងណា សេចក្តីព្រាងផែនការនេះ បានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រទីក្រុងកៀវ និងនៅក្នុងចំណោមសហភាពអឺរ៉ុបផ្សេងទៀត ។

ប្រធានគោលនយោបាយការបរទេស របស់អឺរ៉ុប លោកស្រី Kaja Kallas ទទូចថា ការរៀបចំសន្តិភាពណាមួយ ត្រូវតែឆ្លុះបញ្ចាំងពីគោលជំហរ របស់ប្លុកអឺរ៉ុប និង អ៊ុយក្រែន ដោយលើកហេតុផលថា សំណើរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ភាគីរុស្ស៊ីគ្មានបានផ្តល់សម្បទានអ្វីទាំងអស់ ។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot និយាយថា ផែនការនេះមិនទាន់អាចសម្រេចជាកិច្ចព្រមព្រៀងបានទេ ព្រោះថា រដ្ឋមន្ត្រីមួយចំនួននៅអឺរ៉ុប មិនបានឃើញឯកសារនោះនៅឡើយទេ ។

ទីក្រុងមូស្គូ បានចោទប្រកាន់សហភាពអឺរ៉ុប ម្តងហើយម្តងទៀតថា បានរារាំងកិច្ចខិតខំប្រឹងប្រែងការទូតអាមេរិក និងរុស្ស៊ី ដើម្បីបញ្ចប់ជម្លោះ ដោយលើកហេតុផលថា ប្លុកនេះទៅវិញទេដែលបានអូសបន្លាយអរិភាព តាមរយៈការផ្គត់ផ្គង់សព្វាវុធ  និង ការសន្យាបើកចំហ ចំពោះការគាំទ្រ ដល់ទីក្រុងកៀវ ។

រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov និយាយថា បណ្តារដ្ឋនៅអឺរ៉ុប ព្យាយាមលូកដៃចូល ក្នុងដំណើរការសន្តិភាព ជាពិសេសប្លុកនេះកំពុងបង្ហាញជំហរសងសឹកមករុស្ស៊ី ៕

ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner