អាមេរិកក្លាយជាកូនបំណុលធំបំផុតរបស់ចិន ត្រឹម ២៥ ឆ្នាំខ្ចី ២០០ ពាន់លានដុល្លារ
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានក្លាយជាកូនបំណុលធំជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុនជាច្រើនរបស់មហាអំណាចមួយនេះ បានខ្ចីលុយពីធនាគារចិនដល់ទៅជាង ២០០ ពាន់លានដុល្លារក្នុងរយៈពេល ២៥ ឆ្នាំមកនេះ ។
បើតាមការចុះផ្សាយដោយសារព័ត៌មាន CNN ដកស្រង់របាយការណ៍ពីវិទ្យាស្ថាន AidData បានឲ្យដឹងថា លុយដែលក្រុមហ៊ុនអាមេរិកជំពាក់ចិនទាំងនោះ ត្រូវបានខ្ចីដោយសម្ងាត់ និងបញ្ជូនទៅតាមរយៈក្រុមហ៊ុនស្រមោលបរទេស នៅឯកោះ Cayman, Bermuda, Delaware និង ទីតាំងផ្សេងទៀត ដើម្បីជួយបិទបាំងប្រភពដើម ។
ប្រភពដដែលបញ្ជាក់ថា ការផ្តល់ប្រាក់កម្ចីភាគច្រើន គឺដើម្បីជួយទៅដល់បណ្តាក្រុមហ៊ុនចិន សម្រាប់ទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនអាមេរិក ពាក់ព័ន្ធទៅនឹងសន្តិសុខជាតិ, វិស័យបច្ចេកវិទ្យាសំខាន់ៗ រួមទាំងការផលិតមនុស្សយន្ត ឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យាជីវសាស្ត្រជាដើម ។
ក្រៅពីក្រុមហ៊ុនអាមេរិក, បណ្តាក្រុមហ៊ុននៅចក្រភពអង់គ្លេស និងបណ្ដាប្រទេសសហភាពអឺរ៉ុបក៏បានខ្ចីលុយពីធនាគាររដ្ឋចិនផងដែរ ។
ក្រុមហ៊ុននៅចក្រភពអង់គ្លេសបានខ្ចីលុយប្រហែល ៦០ ពាន់លានដុល្លារ ខណៈបណ្តាប្រទេសសហភាពអឺរ៉ុប មានចំណែកប្រហែល ១៦១ ពាន់លានដុល្លារ ។
បើតាមសារព័ត៌មាន NBC News, ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០២៣ ប្រទេសចិនបានផ្តល់ប្រាក់កម្ចីជាង ២ ទ្រីលានដុល្លារ ដល់ប្រទេសក្រីក្រ និងប្រទេសអ្នកមានចំនួន ២០០ ប្រទេសនៅទូទាំងពិភពលោក ខណៈតួលេខនេះកើនឡើង ទ្វេដង បើធៀបនឹងការប៉ាន់ប្រមាណពីមុន ៕
ប្រភព ៖ CNN និង NBC NEWS ប្រែសម្រួល ៖ ឈឹម ទីណា