កម្ពុជា សម្រេចបញ្ជូន ២១ប្រភេទកីឡា ចូលរួមកីឡាអាស៊ីអាគ្នេយ៍លើកទី៣៣
(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា និងជាអគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ដោយទទួលបានការឯកភាពជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា យើងនឹងបញ្ជូនអត្តពលិកចូលរួមចំនួន ២១ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ នៅប្រទេសថៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា វេទិការ ឬក៏ព្រឹត្តិការណ៍កីឡាប្រទេសដែលទទួលធ្វើជាម្ចាស់ផ្ទះជាគោលការណ៍អន្តរជាតិក្នុងចលនាអូឡាំពិកក៏ដូចជាក្នុងចលនាអន្តរជាតិទាំងមូលគេតែងតែដាក់ចេញនូវគោលការណ៍មិនប្រកាន់រើសអើងនិន្នាការនយោបាយ សាសនា ឬ ឋានៈសង្គមអ្វីឡើយ នេះជាគោលការណ៍គ្រឹះរបស់ចលនាកីឡាអូឡាំពិក។ ហើយព្រឹត្តិការណ៍កីឡាមិនមែនជាព្រឹត្តិការណ៍នយោបាយនោះទេ គឺព្រឹត្តិការណ៍កីឡាជាការប្រកួតប្រជែងផ្នែកបច្ចេកទេសកីឡាដែលបង្កើតឱ្យបាននូវសន្តិភាព មិត្តភាព និងសាមគ្គីភាព ហើយនិងការយោគយល់គ្នាក្នុងវិស័យកីឡា។
ពាក់ព័ន្ធការចូលរួមប្រកួតរបស់កម្ពុជានៅលើកទឹកដីនៃប្រទេសថៃនេះ គឺយើងបានធ្វើការជាច្រើនជាមួយគណៈកម្មាធិការអូឡាំពិកថៃ និងជាមួយគណៈកម្មាធិការរៀបចំប្រកួតនៅប្រទេសថៃ ដោយមានការបញ្ជាក់ផ្លូវការរបស់ថៃគណៈកម្មាធិការអូឡាំពិកថៃ និងគណៈកម្មាធិការរៀបចំកីឡាអាស៊ីអាគ្នេយ៍របស់ថៃ ក៏បានជំរុញនិងអប់រំប្រជាពលរដ្ឋ និងបានចេញសារព័ត៌មានជាច្រើនថា គេនិងរៀបចំវិធានការសន្តិសុខជូនប្រតិភូកីឡាទាំងអស់ពិសេសប្រតិភូកីឡាកម្ពុជា ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះវាក្លាយទៅជាការិតចំណងសាមគ្គីភាព និងក្លាយទៅជាសញ្ញាណសាមគ្គីភាពឬក៏មិត្តភាពឡើងវិញរបស់ប្រ ទេសទាំងពីរផងដែរ ។ អ៊ីចឹងយើងទទួលយកនូវអ្វីជាសេចក្តីសុខទាំងអស់គ្នានិងយន្តការផ្សេងៗទៀតមានន័យថា ការចូលរួមរបស់កម្ពុជាមានតម្លៃលើការទូតកីឡា ពិសេស ការចូលរួមនេះ មានការធានាពីភាគីគណៈកម្មាធិកាថៃ ហើយនៅពេលនោះក៏នឹងមានការបង្កើតជាគណៈកម្មាធិការដោះស្រាយវិវាទ ហើយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងបញ្ជូនមេធាវីដោះស្រាយវិវាទទៅប្រចាំការនៅទីនោះដើម្បីជួយដោះស្រាយបញ្ហាដែលអាចកើតឡើងជាយថាហេតុផងដែរ។ ទន្ទឹមជាមួយគ្នានោះដែរ សហព័ន្ធកីឡាអន្តរជាតិនានាដែលទៅចូលរួមការប្រកួតនោះក៏ធនាផ្តល់នូវភាពកក់ក្តៅជូនកីឡាករកីឡាការិនីកម្ពុជាយើងផងដែរ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះមកដល់ពេលនេះ មិនមានអ្វីជាឧបសគ្គរហូតធ្វើឱ្យយើងចូលរួមមិនបាននូវឡើយនោះទេ។ ចឹងហើយយើងត្រៀមលក្ខណៈចូលរួមនៅពេលឆាប់ៗខាងមុខនេះហើយ ។
ឯកឧត្តម បានបន្ថែមទៀតថា ការចូលរួមកីឡាអាស៊ីអាគ្នេយ៍នៅថៃនាពេលប៉ុន្មានថ្ងៃខាងមុខនេះ អត្តពលិកកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ ដោយបច្ចុប្បន្នកំពុងតែហ្វឹកហាត់ពង្រឹងសមត្ថភាពនិងបច្ចេកទេសដើម្បីបង្កើនគុណវុឌ្ឍប៉ុណ្ណោះ ពិសេស គឺការរក្សាបាននូវភាពនិងនរបំបាត់អារម្មណ៍ភ័យខ្លាច និងការព្រួបារម្ភលើសុវត្ថិភាពអំឡុងពេលទៅចូលរួមប្រកួត ។
សូមបញ្ជាក់ថា ការចូលរួមរបស់អត្តពលិក កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នាទីក្រុងបាងកកនេះ កម្ពុជា នឹងបញ្ជូនប្រភេទកីឡាចូលរួមចំនួន២១ប្រភេទកីឡា ដែលមានកីឡាករកីឡាការិនី២២២នាក់ ហើយសរុបទាំងប្រតិភូដឹកនាំមានគ្រូបង្វឹក មន្រ្តី គ្រូពេទ្យមានចំនួន ៣៣២នាក់ ។
គួររំលឹកថា ដើមឡើយការចុះឈ្មោះរបស់កម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះនេះ មានចំនួនរហូតជាង ៦០០នាក់និងមានជាង ៣០ប្រភេទកីឡាឯណោះ ។ ប៉ុន្តែដោយសារតែមានជម្លោះព្រំដែនកម្ពុជា-ថៃ ទើបការចុះឈ្មោះចូលរួមរបស់កម្ពុជាបន្ថយត្រឹមចំនួន២២២នាក់ជាកីឡាករកីឡាការិនី ដោយក្នុងនោះកីឡាប្រយុទ្ធមួយចំនួនដូចជាគុនខ្មែរជាដើមបានដកខ្លួនមិនទៅចូលរួមប្រកួតឡើយ៕


ដោយ ៖ ជាវ ចន្ធូ