កែច្នៃឫស្សីមកធ្វើជាសម្ភារប្រើប្រាស់ ជួយរកប្រាក់​ចំណូល​​ប្រជា​​សហគមន៍មូលដ្ឋាន

(ភ្នំពេញ)៖ ការបណ្តុះបណ្តាលវិជ្ជាជីវៈកែច្នៃឫស្សី ឱ្យ​ក្លាយ​ទៅជារបស់ប្រើប្រាស់ផ្សេងៗជាផ្នែកមួយ​លើក​ស្ទួយសេដ្ឋកិច្ចមូលដ្ឋាន និង ផ្តល់នូវជម្រើសថ្មី នៃមុខ​របររបស់ប្រជាពលរដ្ឋសម្រាប់រកចំណូលចិញ្ចឹមជីវិត។

ការកែច្នៃរបស់ធម្មជាតិមួយនេះមិនត្រឹមតែអាចរកចំណូល​បានទេ តែវានៅបានជួយថែរក្សារបស់ដូនតាខ្មែរ​ទាំង​នេះឱ្យបានជាប់គង់វង្សថែមទៀត។ ដើមឫស្សី​ទាំង​នេះ​ត្រូវបានគេកែច្នៃធ្វើជា វត្ថុអនុស្សាវរីយ៍ និងសម្ភារប្រើ​ប្រាស់​ផ្សេងៗដែលមើលទៅស្រស់ស្អាតគួរជាទីជាប់ចិត្ត ។ សម្ភារកែច្នៃទាំងនេះអាចប្រើប្រាស់ប្រចាំថ្ងៃ និង​ពិ​សេស​គេអាចដាក់តាំង នៅតាមផ្ទះសម្បែង ហាង​នានា​បាន​ថែម​ទៀត ។

អ្នកស្រី ម៉ា សុខជា បុគ្គលិកប្រចាំ វិទ្យាស្ថានអន្តរជាតិ​ស្តារ​​ជន​បទឡើងវិញឬហៅកាត់ IIRR បានប្រាប់​ឱ្យដឹង​ថា តាមរយៈការសហការជា​មួយគម្រោង ​រេដបូក អំឡុង​ឆ្នាំ២០២៣ ហើយបានធ្វើការសរុប ២១ភូមិ​គោល​ដៅ​ក្នុងនេះមានក្រុមផលិតសាប៊ូ ក្រុមផលិតនំ ក្រុមផលិត​ផ្លែឈើ ក្រុមប្រមូលផលផ្លែឈើ និងក្រុមផលិត ឫស្សី​ជាដើម ។

អ្នកស្រីប្រាប់ថា ចំពោះក្រុមផលិត និងកែច្នៃឫស្សីនេះ​ជនជាតិពូនង មាន ២ភូមិគោលដៅគឺ ភូមិពូចារ និងភូមិ ពូគង់ ស្ថិតនៅក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តម​ណ្ឌ​លគិរី ។ ប្រជាសហគមន៍ស្ថិតនៅ​ក្នុងក្រុមកែច្នៃឫ​ស្សី​នេះ​ បានប្រមូលយកឫស្សីដែលមានដើមចាស់ៗ​មក​ធ្វើការកែច្នៃជាសម្ភារប្រើប្រាស់ផ្សេងៗដូចជា កែវទឹកធំ​មានដៃ ពែងទឹក ប្រដាប់ដាក់ទៀនក្រអូប កន្រ្តកកំសៀវ​ទឹក ប្រអប់ដាក់ក្រដាសជូតដៃ តម្ពក់ព្យួរខោអាវ ឧបករណ៍បំពងសម្លេង ទូរសព្ទដៃ ប្រដាប់ដាក់ប៊ិច បំពង់ដាក់គ្រឿងធ្វើម្ហូបក្នុងផ្ទះបាយ ថូផ្កា និងសម្ភារ​ជាច្រើនទៀត។

អ្នកស្រីបានពន្យល់ប្រាប់ថា សម្ភារកែច្នៃទាំងនេះ ត្រូវ​បាន​លក់លើទីផ្សារ ហើយទទួលបាននូវ​ប្រាក់កម្រៃ​ជា​ច្រើនដូចជាឧបករណ៍បំពងសម្លេងមួយក្រោយការកែច្នៃគាត់អាចលក់បានក្នុងតម្លៃមួយដើម ១២០០០រៀល ខណៈឫស្សីមួយដើមធំនោះលក់បានត្រឹមតែ ១ម៉ឺនរៀល​ឬ ២ម៉ឺនរៀលប៉ុណ្ណោះ។ ក្រៅពីនេះដូចជាប្រអប់​ក្រ​ដា​ស​​លក់មួយបានតម្លៃ ២ម៉ឺនរៀល និងកែវ​មាន​ដៃមួយ ៥ពាន់រៀល ដែលនេះសុទ្ធសឹងជាចំណូលដល់គ្រួសារ​របស់ពួកគាត់។

ជាមួយការផលិតសម្ភារប្រើប្រាស់ទាំងនេះត្រូវបាន អ្នកស្រី ម៉ា សុខជា ប្រាប់ថា បច្ចុប្បន្នត្រូវបានពលរដ្ឋខ្មែរ​គាំទ្រច្រើនដោយសារជារបស់ខ្មែរផលិតដោយផ្ទាល់ ហើយវាជារបស់ធម្មជាតិដែលជាទីពេញនិយមរបស់ពួកគាត់នាពេលបច្ចុប្បន្ន។

លោក ខៀវ សំណាង ទីប្រឹក្សាផ្នែកលើកម្ពស់ជីវភាព​គ្រួសារ​សហគមន៍មូលដ្ឋានរបស់អង្គការសមាគម​អភិ​រក្ស​សត្វព្រៃ (WCS) បានឱ្យដឹងថា គម្រោង​រេដបូក​មាន​គោលបំណងសំខាន់គឺជួយដល់បងប្អូនកសិករដែលមានចំនួន ២១ភូមិឱ្យមានមុខរបរបង្កើតចំណូល និងមាន​ការងារធ្វើ។ ក្នុងការបង្កើតមុខរបរចិញ្ចឹមមាន់នេះ​គម្រោ​ង​មិនត្រឹមជួយថ្នាំ ចំណី សំណាញ់ និងបង្កើតទ្រុង​ឱ្យទេ​នៅ​​ជួយក្នុងបច្ចេកទេស ពិធីព្យាបាលមាន់ឈឺដើម្បី​ឱ្យ​ការចិញ្ចឹមទទួលជោគជ័យទៀតផង ។

ឯកឧត្តម ខ្វែ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន​ថ្មីៗនេះពេលដឹកនាំក្រុម​អ្នក​សារព័ត៌​មាន​បំពេញទស្ស​នកិច្ច នៅខេត្តមណ្ឌលគិរី បានឱ្យដឹងថា ៖ ការដាំដំណាំ ការចិញ្ចឹមសត្វ និងពិសេសការផលិត​នូវសម្ភារ​ប្រើ​ប្រា​ស់​ពីឫស្សីមិនត្រឹមតែបម្រើលើវិស័យទេសចរណ៍ទេ តែ​ក៏​កំពុងជួយលើកស្ទួយជីវភាពរបស់ពួក​គាត់ទាំង​ពេល​បច្ចុប្បន្ន និងអនាគត ។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន បានកំពុងធ្វើឱ្យសហគមន៍ មាន​ចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រ​កប​មុខរបរចិញ្ចឹមជីវិត ដោយផ្តល់ចំណេះដឹង ជំនាញ និង​មុខរបរថ្មី ក្នុងនោះរួមមាន ការចិញ្ចឹមសត្វ ការដាំដំ​ណាំ​រួមផ្សំផ្សេងទៀត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង និង​សម្រាប់លក់នៅលើទីផ្សារផងដែរ ព្រមទាំងជួយរៀបចំ​បង្កើតជាអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍​ថែម​ទៀត ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner