យន្តហោះចម្បាំងឥណ្ឌាធ្លាក់ផ្ទុះស្លាប់ពីឡុត អំឡុងកម្មវិធី Dubai Airshow
ឌូបៃ ៖ មិនធ្លាប់មានក្នុងពេលជិត ៤០ឆ្នាំ យន្តហោះចម្បាំងមួយគ្រឿងរបស់ឥណ្ឌា បានធ្លាក់ផ្ទុះផ្តាច់ជីវិតពីឡុតភ្លាមៗ អំឡុងពេលហោះបង្អួតរាងនៅមុខមហាជនជាច្រើន ក្នុងកម្មវិធីពិព័រណ៍ Dubai Airshow នៅប្រទេសអារ៉ាប់រួម កាលពីថ្ងៃសុក្រ។
ហេតុការណ៍ធ្លាក់យន្តហោះកាលពីថ្ងៃសុក្រម្សិលមិញនេះ ត្រូវបានគេជឿជាក់ថា គឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃកម្មវិធី Dubai Airshow ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៨៦។
ផ្សែងខ្មៅបានហុយទ្រលោមពេញអាកាសយានដ្ឋានអន្តរជាតិ Al Maktoum នៅឯមជ្ឈមណ្ឌល Dubai World Central ខណៈដែលហ្វូងអ្នកទស្សនាបានមើលឃើញ ហើយសំឡេងស៊ីរ៉ែនបានបន្លឺឡើង បន្ទាប់ពីមានការធ្លាក់នោះ។
យន្តហោះចម្បាំងឥណ្ឌា HAL Tejas ដែលត្រូវបានប្រើក្នុងកងទ័ពអាកាសឥណ្ឌា បានធ្លាក់នៅវេលាម៉ោង ២ និង ១០នាទីរសៀល (ម៉ោងក្នុងតំបន់) ក្នុងចម្ងាយប្រហែល .៦គីឡូម៉ែត្រពីទីតាំងកម្មវិធី។ ភ្លាមៗ រដ្ឋាភិបាលអារ៉ាប់រួមបានបង្ហោះសារសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារពីឡុត។
គួរកត់សម្គាល់ នេះជាការធ្លាក់លើកទី២ហើយ ដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំង Tejas មានកៅអីតែមួយ ដែលឥណ្ឌាផលិតក្នុងស្រុកនារយៈពេលតិចជាងពីរឆ្នាំ បន្ទាប់ពីឧបទ្ទវហេតុធ្លាក់លើកដំបូងកើតឡើងអំឡុងពេលហ្វឹកហាត់ហោះហើរនៅរដ្ឋ Rajasthan កាលពីខែមីនា ឆ្នាំ២០២៤។ យន្តហោះចម្បាំង Tejas ដែលត្រូវបានរចនា និងសាងសង់នៅក្នុងប្រទេសឥណ្ឌា ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងក្នុងជួរកងទ័ពអាកាសកាលពីឆ្នាំ ២០១៦៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា