ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាដ៏ធំនៅដើមខែធ្នូ រំពឹងថា នឹងមានអ្នកចូលរួមប្រមាណ ៤ម៉ឺននាក់
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo)» ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុងគោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និង សេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។ ពិព័រណ៍នេះ ធ្វើឡើងក្នុងគោលបំណង ជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញ ការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។
ថ្លែងក្នុងសន្និសីទព័ត៌មាន ស្ដីពី ការរៀបចំ «ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក»នៅរសៀលថ្ងៃទី២១វិច្ឆិកានេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានេះនឹងប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលភីអេច ល្ខោនបាល បុរីប៉េងហួតបឹងស្មោ រាជធានីភ្នំពេញ ដោយមានបណ្តាក្រុមហ៊ុនចូលរួមដាក់តាំងពិព័រណ៍ផលិតផលប្រមាណ ២៥០ស្តង់ រំពឹងថានឹងមានអ្នកចូលរួមទស្សនាពិព័រណ៍នេះប្រមាណ ៤ម៉ឺននាក់ ។
សូមរំលឹកថា“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល ដែលបានរៀបចំឡើងដោយជោគជ័យចំនួន ១៧លើកមកហើយ។ ការផ្លាស់ប្តូរឈ្មោះពិព័រណ៍នេះក្នុងគោលបំណងធ្វើឱ្យ ពិព័រណ៍កាន់តែមានភាពសាមញ្ញ ឆ្លុះបញ្ចាំងពី គោលគំនិតនៃឧត្តមភាព និងប្រកបដោយភាពទាក់ទាញក្នុងទីផ្សារសម័យថ្មី ដែលមានភាពរស់រវើក និងការយកចិត្ត ទុកដាក់លើគុណភាពខ្ពស់ និងភាពសាមញ្ញ។ ជាមួយនឹងការបង្កើតកិត្តិនាមថ្មី និងកាន់តែទំនើប ក្រសួងពាណិជ្ជកម្ម នឹងផ្សារភ្ជាប់ការតាំងពិព័រណ៍ថ្មីនេះជាមួយនឹងគោលគំនិតច្នៃប្រឌិតថ្មី ដើម្បីធ្វើឱ្យពិព័រណ៍ដ៏ធំនេះកាន់តែមានភាព រស់រវើក បង្ហាញនូវលក្ខណៈពិសេសពាណិជ្ជកម្ម និងអត្តសញ្ញាណវប្បធម៌ក្នុងយុគសម័យទំនើប៕







អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា