លោក ហ្សេលេនស្គី ថា គាត់គ្មានថ្ងៃក្បត់អ៊ុយក្រែនឡើយ
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសក្តែងៗទៅកាន់ពិភពលោកដឹងថា រូបលោកនឹងមិនក្បត់អ៊ុយក្រែនជាដាច់ខាត ហើយនឹងពិចារណាលើផែនការសន្តិភាពរបស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។
រំលឹកដល់ការតស៊ូប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២ មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា យើងនឹងមិនក្បត់ជាតិសាសន៍ខ្លួនឯងជាដាច់ខាត មិនថា នៅពេលចាប់ផ្តើមផ្ទុះសង្គ្រាមដំបូង ឬក៏នៅពេលឥឡូវនេះក៏ដោយ។

ការអត្ថាធិប្បាយបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងចំពេលដែលប្រភពចំនួនពីរសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឱ្យដឹងថា អាមេរិកបានគំរាមកាត់បន្ថយការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ និងការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ដើម្បីជំរុញឱ្យប្រទេសនេះយល់ព្រមក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ។

បើតាមសារព័ត៌មាន Financial Times, ផែនការបញ្ចប់សង្គ្រាមអ៊ុយក្រែន ដែលកំពុងត្រូវបានពិភាក្សានេះ នឹងបង្ខំឱ្យអ៊ុយក្រែនប្រគល់ផ្នែកខ្លះនៃតំបន់ដុនបាស ភាគខាងកើត, កាត់បន្ថយកងទ័ពពាក់កណ្តាល, រំសាយអាវុធសំខាន់ៗ និងកាត់បន្ថយជំនួយយោធាអាមេរិក។ ផែនការនេះក៏ស្នើឲ្យផ្តល់ឋានៈផ្លូវការដល់ភាសារុស្ស៊ី និងផ្តល់ការទទួលស្គាល់ជាផ្លូវការដល់វិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ីផងដែរ។
យ៉ាងណាមិញ ការជំរុញរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការបញ្ចប់សង្គ្រាមនេះ អាចបង្កឱ្យមានភាពប្រេះឆារវាងរូបលោក និងមេដឹកនាំអឺរ៉ុប ដែលទំនងជាប្រឆាំងនឹងកិច្ចព្រមព្រៀងណាមួយ ដែលអាចត្រូវបានមើលឃើញថា ជាការផ្តល់រង្វាន់ដល់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន៕

ប្រភព ៖ AFP និង Financial Times ប្រែសម្រួល ៖ ឈឹម ទីណា