កម្ពុជា ដាក់ញត្តិប្តឹងទៅប្រទេសមហាអំណាច និង​អង្គ​ការ​​​អន្តរជាតិ ករណី​ក្រុមទា​ហានឈុតខ្មៅថៃ ចាប់​រំលោភសេពសន្ថវៈ​លើស្ត្រីពលការិនីខ្មែរ

(ភ្នំពេញ)៖ សហភាព ពលកម្មជាតិ កម្ពុជា បានដាក់​ញត្តិ​ប្ដឹងទៅប្រទេសមហាអំណាច និងបណ្តាអង្គការ​អន្តរ​ជាតិធំៗមួយចំនួន ដែលមាននិវេសនដ្ឋាននៅ​កម្ពុជា ឱ្យជួយអន្តរាគមន៍លើករណីដែល​ក្រុម​ទា​ហាន​ឈុតខ្មៅថៃ បានចាប់រំលោភជាក្រុមលើស្ត្រី​ជាពល​ការិនី​ខ្មែរ ។ ការដាក់ញាតិ្តប្តឹងរកយុតិ្តធម៌ជូន​ដល់ពលការិនី​កម្ពុជា​នេះ បានដឹកនាំធ្វើឡើងដោយប្រធានសហភាព​ពលកម្មជាតិកម្ពុជា លោក សំ សឿន នៅថ្ងៃទី២១ ខែ​វិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តាស្ថានទូត និងការិយា​ល័យអង្គការអន្តរជាតិនានាប្រចាំនៅកម្ពុជា ដែលរួម​មាន ស្ថានអាម៉េរិក, ស្ថានទូតបារាំង, ស្ថានទូតរុស្ស៊ី, ស្ថានទូតចិន, ការិយាល័យសហភាពអ៊ឺរ៉ុបប្រចាំ​នៅ​កម្ពុជា, ការិយាល័យឧត្តមស្នងការអង្គការ​សហប្រ​ជា​ជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា, ការិយា​ល័យអង្គការពលកម្មអន្តរជាតិ ILO ប្រចាំនៅកម្ពុជា និងការិយាល័យអង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM ផងដែរ ។

សូមរំលឹកថា ក្រុមទាហានឈុតខ្មៅថៃចំនួន ៧នាក់ កា​ល​​ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ បានចា​ប់​រំលោភសេពសន្ថវៈលើពលករខ្មែរជាស្ត្រីម្នាក់ ក្រោយរូប​នាង ត្រូវបានបំបែកចេញពីក្រុមពលករ​ទេសន្តរ​ប្រវេស​ន៍​ខ្មែរចំនួន ១៣នាក់ផ្សេងទៀត នៅខណៈពេល​ដែល​ពលករខ្មែរ​ទាំងនោះ បានធ្វើដំណើរចេញ​ពីប្រទេសថៃ​ត្រឡប់មកកម្ពុជាវិញ ។

ក្រោយកើតហេតុនោះកើតឡើង រាជរដ្ឋាភិបាល និងប្រ​ជា​ពលរដ្ឋកម្ពុជាទូទាំងប្រទេស បានថ្កោលទោស​ចំពោះ​អំពើរំលោភបំពាននេះ និងទាមទារឱ្យអាជ្ញាធរថៃ ត្រូវ​មាន​ការទទួលខុសត្រូវ និងដាក់ទោសចំពោះជនល្មើស ដែលជាកងកម្លាំងរបស់ថៃផងដែរ ។ នៅជា​មួយ​គ្នានេះ ចំពោះគោលបំណងនៃដឹកនាំសកម្មភាពដាក់ញត្តិនេះផងដែរ ត្រូវបាន លោក សំ សឿន ប្រធានសហភាព​ពល​កម្មជាតិកម្ពុជា បានបញ្ជាក់ថា ធ្វើឡើងដើម្បីឱ្យ​ប្រទេស​មហាអំណាច និងសហគមន៍អន្តរជាតិ ជួយស្វែង​រក​យុត្តិ​ធម៌ជូនស្ត្រីកម្ពុជា ដែលរងគ្រោះពីអំពើដ៏ព្រៃផ្សៃ​របស់​ទា​ហាន​ឈុតខ្មៅថៃទាំងនោះ និងស្នើសុំឱ្យប្រទេស​មហា​អំ​ណាច និងអង្គអន្តរជាតិពាក់ព័ន្ធនានា ធ្វើការស៊ើបអង្កេត​ដោយ​ឯករាជ្យលើករណីដែលកើតឡើងចំពោះស្រ្តី​កម្ពុជា​នោះ ។

លោក សំ សឿន បានបញ្ជាក់ទៀតថា ក្នុងនាមរូបលោក ដែលតំណាងឲ្យសហព័ន្ធសហជីព និងអង្គការ សមាគម សរុបចំនួន១៧ និងសហជីបមូលដ្ឋានចំនួន១៧៨ ដែល​មានសមាជិកជាង ៧ម៉ឺននាក់ មកពីគ្រប់វិស័យ បាន​ថ្កោ​ល​ទោសចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវ​ភេទ​ជា​ក្រុម មកលើពលការិនីចំណាកស្រុកកម្ពុជា ពីក្រុម​ទា​ហានឈុតខ្មៅថៃ នៅតំបន់ព្រំដែនកម្ពុជា-ថៃនោះ ។ ប្រ​ធាន​សហជីពកម្ពុជា បានថ្លែងទៀតថា លោក ក៏ដូច​ជា​ស​មជិកសហព័ន្ធ សហជីបទាំងអស់ ពិតជាមិន​អាច​ទ​ទួ​ល​​យកបានឡើយ និងមានសេចក្តីឈឺចាប់បំផុត ចំ​ពោះ​ករណី រំលោភសេពសន្ថវៈជាក្រុមយ៉ាងសាហាវ​ព្រៃ​​ផ្សៃ​មកលើស្រី្តពលការិនីកម្ពុជា និងការវាយធ្វើបាប​ពល​ករ​ខ្មែរផ្សេងទៀត ដ៏សាហាវឃោរឃៅ យង់ឃ្នង អម​នុ​ស្ស​​ធម៌ និងការរំលោភបំពានសិទ្ធិមនុស្ស​យ៉ាងធ្ងន់​ធ្ងរពី​សំ​ណាក់ទាហានឈុតខ្មៅថៃនោះ ។

ប្រធាន​​សហភាពពលកម្មជាតិកម្ពុជា នូវបាន​ទទូច​ដល់​រដ្ឋាភិបាល និងកងទ័ពថៃ ត្រូវទទួលស្គាល់ និង​ទទួល​ខុសត្រូវលើអំពើឃោរឃៅនេះ ហើយបញ្ចប់វប្បធម៌​និ​ទណ្ឌភាព ដែលនាំឱ្យអំពើបំពានលើស្ត្រី​ដែលកើត​ឡើង​​ជាបន្តបន្ទាប់ និងត្រូវចាត់វិធានការដាក់ទណ្ឌកម្ម​ច្បាស់​លាស់លើមន្ត្រី និងកងទ័ពពាក់ព័ន្ធ និងធានា​​យុត្តិ​ធម៌​ដល់ជនរងគ្រោះកម្ពុជាផងដែរ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សហភាព ពលកម្មជាតិ កម្ពុជា

ads banner