គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង ជារបត់ថ្មី គឺបង្រៀនផង រៀនផង
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ មានប្រសាសន៍ថា រៀនផង បង្រៀនផង បើកប្រាក់ខែផង មានន័យថា គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវរៀនផង និងបង្រៀនផង។ សូមឱ្យលោកគ្រូ អ្នកគ្រូ ទៅបង្រៀនសិស្សដោយសប្បាយ គឺជួបសិស្សដោយសប្បាយ ជួបមាតាបិតាអាណាព្យាបាលដោយសប្បាយ ជួបការិយាល័យអប់រំស្រុកដោយសប្បាយ ជួបអភិបាលស្រុកដោយសប្បាយ សូមកុំមានការកង្វល់នៃការរៀនជាធំ ព្រោះថា ក្រសួងមានភាពបទបែន សម្រាប់ការរៀនរបស់លោកគ្រូ អ្នកគ្រូ ដើម្បីមានភាពងាយស្រួល គឺក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កលក្ខណៈជួយបំពេញក្នុងការធ្វើយ៉ាងណា ឱ្យការរៀនបានចប់ចុង ចប់ដើម នៅពេលមហាវិសមកាល ។
ប្រសាសន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពព័ត៌មានអំពីដំណើរការជ្រើសរើស និងគ្រប់គ្រងគ្រូង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅគ្រឹះស្ថានបឋមសិក្សាសាធារណៈ» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិតបន្ថែមថា “នៅពេលចប់ឆ្នាំសិក្សា គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវទៅរៀនបន្ថែមទៀត ប្រសិនបើខ្វះចន្លោះ ដើម្បីប្រឡងយកវិញ្ញាប័ណ្ណបត្រគរុសម្បទាវិជ្ជាជីវៈ (អាជ្ញាបណ្ណបង្រៀន)។ ទោះបីគ្រូផ្អែកលើកិច្ចព្រមព្រៀងក៏ដោយ គ្រូក្របខ័ណ្ឌក៏ដោយ ហើយអនាគតគ្រូជាប់កិច្ចសន្យា ក៏ត្រូវមានការបំប៉ន ដើម្បីយកវិញ្ញាបនបត្រ និងប្រឡងដូចគ្នា។ ចាប់ពីពេលនេះទៅ គ្រប់មន្ត្រីរាជការ បម្រើការងារ ត្រូវតែមានវិញ្ញាបនបត្រគរុសម្បទាវិជ្ជាជីវៈ ដែលជាការកែទម្រង់ថ្មី ដើម្បីធានាគុណភាព រួមទាំងគុណាធិបតេយ្យ បរិយាបន្ន។”
បើយោងតាម ឯកឧត្តម យក់ ប៊ុណ្ណា បានឱ្យដឹងដែរថា គ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ ការកំណត់បៀវត្សរបស់រាជរដ្ឋាភិបាលគឺបានទទួលបៀរវត្ស ១លាន ៥សែនរៀល ដែលប្រគួតប្រជែងទៅនិងទីផ្សារ ដែលប្រហាក់ប្រហែលទៅនិងគ្រូបឋមសិក្សា ។ ឯកឧត្តម បញ្ជាក់បន្ថែមថា ភាពខុសគ្នា គ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ គឺគាត់ត្រូវបង់មួយចំណែកចូលទៅសោធននិវត្តន៍ និងរដ្ឋាភិបាលបង់មួយចំណែកជូនគាត់បន្ថែមទៀត ។ ជាប្រយោជន៍គាត់អាចបន្តទៅវិស័យឯកជនបង់បន្ត រហូតដល់សោធន៍ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតដូចមន្រ្តីរាជការផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បញ្ចាក់ថា គោលបំណងនៃការជ្រើសរើសគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ គោលដៅចំនួន ៥ខេត្តនេះ គឺដើម្បី ដោះស្រាយទៅលើគ្រូបង្រៀនពីរវេន និងគ្រូបង្រៀនថ្នាក់គួប។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបន្ថែមថា គោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ថ្នាក់បង្រៀនពីរវេន ឬថ្នាក់គួប ដែលកន្លងមកមួយថ្នាក់មានសិស្ស ៦០ ទៅ ៧០នាក់។ គោលដៅខេត្តមួយចំនួន នៅក្នុងខេត្តទាំង ៥នេះ ក៏មានថ្នាក់បឋមមួយថ្នាក់លើសពី ៦០នាក់ ក្នុងពេលដែលស្តង់ដាសម្រាប់គុណភាពអប់រំ គឺនៅក្នុងរង្វង់ ៣៥ ទៅ ៤០នាក់ប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងគឺគាត់មានកិច្ចព្រមព្រៀងនៅក្នុងរយៈពេល១ឆ្នាំម្តង ហើយត្រូវទទួលការបណ្តុះបណ្តាលផងដែរ ហើយនៅពេលចប់១ឆ្នាំគឺត្រូវមានគណកម្មការវាយតម្លៃ សម្មិតកម្មរបស់គាត់ពីនាយកសាលា និងពីគណកម្មការ។ គ្រូបង្រៀននេះផងដែរបើករណីនៅមានតម្រូវការជាក់ស្តែងនៅក្នុងសាលានេះគឺត្រូវបន្ត ហើយគ្រូមានសម្មតិកម្មល្អ នោះនឹងធ្វើការបន្តកិច្ចព្រមព្រៀងនេះបន្តទៀត ប៉ុន្តែបើមិនមានទេនិងធ្វើការបញ្ជូនទៅសាលាផ្សេងបើមានតម្រូវការ តាមការសម្រេចរបស់រាជរដ្ឋាភិបាល ៕







អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា