ឯកឧត្តម វ៉ាត់ ចំរើន បង្ហាញទស្សនៈជុំវិញការចូលរួម SEA Games លេីកទី ៣៣ នៅប្រទេសថៃ
(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា និងជាអគ្គលេខាធិការគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា បានបង្ហាញទស្សនៈ ៦ចំណុចដែលកម្ពុជាបញ្ជូនអត្តពលិកចូលរួមកីឡាស៊ុហ្គេម លើកទី៣៣ នៅប្រទេសថៃ រួមមាន ៖
-ការចូលរួមប្រកួត SEA Games លេីកនេះ គឺកម្ពុជាចូលរួមប្រកួតក្នុងនាមជាសមាជិក និងគ្រួសារសហព័ន្ធកីឡាអាសុីអាគ្នេយ៍ SEAGF ចលនាអូឡាំពិកតំបន់ ។ ចលនាអូឡាំពិកប្រទេសជាសមាជិកត្រូវមានកាតព្វកិច្ចចូលរួមប្រកួតពហុកីឡាតាមការកំណត់។

- គោលការណ៍គ្រឹះអូឡាំពិកអន្តរជាតិ គឺប្រឆាំងនឹងការរេីសអេីងគ្រប់ទម្រង់ ក្នុងវិស័យកីឡា និងជៀសវាងពីសម្ពាធនយោបាយ សាសនា ជាតិសាសន៍ និង និន្នាការសង្គមឡេីយ។ ប្រកាន់យកស្មារតីសាមគ្គីភាព មិត្តភាព និងយោគយល់គ្នា ដេីម្បីកសាងពិភពលោកមួយល្អប្រសេីរ។
- ព្រឹត្តិការណ៍កីឡា SEA games ជាបុព្វសិទ្ធិរបស់សហព័ន្ធកីឡាអាសុីអាគ្នេយ៍ទាំង១១ ប្រទេស គ្រប់គ្រងដឹកនាំ រីឯម្ចាស់ផ្ទះជាអ្នករៀបចំតាមសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសហព័ន្ធកីឡា អាសុីអាគ្នេយ៍ SEAGF Council ទាំង ១១ ប្រទេស ។
- ជ័យលាភីមេដាយដែលប្រទេសទាំងអស់ប្រកួតប្រជែងដណ្តេីមគ្នាជាមេដាយ SEAGF មិនមែនមេដាយរបស់ម្ចាស់ផ្ទះទេ។
- បេីមិនចូលរួមយេីងនឹងត្រូវបន្ទោសថាមិនគោរពធម្មនុញ្ញអូឡាំពិក និងធម្មនុញ្ញ SEAGF ។
- បេីយេីងមិនចូលរួមដោយយកហេតុផលផ្សេងៗខុសពីគោលការណ៍ច្បាប់កីឡាជាសកលខាងលេី ក៏ត្រូវអន្តរជាតិថ្កោលទោស ឬដាក់ពិន័យ ។ តែជនរួមជាតិយេីងមួយចំនួនមិនគាំទ្រ និងមិនពេញចិត្តឱ្យចូលរួមដោយអស់ទំនុកចិត្ត បារម្មណ៍សុវត្ថិភាពក៏ត្រឹមត្រូវដែរ។

ប៉ុន្មានឆ្នាំមុនការប្រកួតកីឡាអូឡាំពិករដូវរងារនៅកូរ៉េខាងត្បូង ប្រតិភូកូរ៉េខាងជេីងបានចូលរួម ទោះបីបងប្អូនកូរ៉េទាំងពីរជាសត្រូវដ៏សាហាវនឹងគ្នាក៏ដោយ។
តេីអាចទេដែលយេីងយកកីឡាជាសារកាទូត ឬជាសមរភូមិកាទូតមួយទៀតបង្ហាញថា កម្ពុជាចង់បានសន្តិភាព គោរពជានិច្ចគោលការណ៍ច្បាប់កីឡាអន្តរជាតិ ច្បាប់កីឡាតំបន់ និងមានសេចក្តីក្លាហ៊ាន ថ្លៃថ្នូ មិនចុះញមចំពោះអគតិទាំងឡាយ និងសភាវអាក្រក់ទាំងអស់ឡេីយ។ នេះជាទស្សនៈផ្ទាល់ខ្លួន មិនឆ្លុះបញ្ចាំងជាទស្សនរួមរបស់គណកម្មាធិការជាតិអូឡាំពិក និងបងប្អូនជនរួមជាតិទេ ៕

ដោយ ៖ ជាវ ចន្ធូ