អាមេរិកគ្រោងផលិតនាវាមុជទឹកនុយក្លេអ៊ែរជំនាន់ថ្មីទ្រង់ទ្រាយធំ

វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹកអាមេរិកមានគម្រោងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Columbia-class ចំនួន ១២គ្រឿង ដើម្បីស្នងតំណែងកងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Ohio-class ចំនួន ១៤គ្រឿងបច្ចុប្បន្ន ដែលជិតបញ្ចប់បេសកកម្មរយៈពេល ៤២ឆ្នាំរបស់ពួកវាហើយ។

មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិក នៅថ្ងៃទី១៧ ខែវិច្ឆិកា បានចុះកុងត្រាមានតម្លៃ ២,២៨ពាន់លានដុល្លារជាមួយក្រុមហ៊ុន General Dynamics Eletrics Boat ដើម្បីសាងសង់នាវាមុជទឹកប្រដាប់ដោយមីស៊ីលបាលិស្ទីគប្រភេទ Columbia-class ចំនួន៥គ្រឿងសិន ដោយពួកវានឹងក្លាយជាកងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជំនាន់ថ្មីរបស់អាមេរិក នាពាក់កណ្តាលសតវត្សក្រោយ។

តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Eletrics Boat និងសហការផលិតជាមួយទីបញ្ជាការប្រព័ន្ធដែនសមុទ្រកងទ័ពជើង ដើម្បីសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជំនាន់ថ្មីប្រភេទ Columbia-class SSBN-838 ជំនួសនាវាពីមុនប្រភេទ SSBN-828។

ទីតាំងសាងសង់នាវាទាំងនោះ នឹងចាប់ផ្តើមដំណើរការទាំងនៅក្នុងរោងចក្រ Electric Boat’s Groton នៃរដ្ឋ Connecticut និងរោងចក្រផ្សេងទៀតនៅក្នុងរដ្ឋ Rhode Island និងរដ្ឋ Virginia។

ផែនការនេះ ជាផ្នែកមួយនៃគម្រោងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជំនាន់ចុងក្រោយ ដែលត្រូវបានអូសបន្លាយពេលរាប់ឆ្នាំ មានគោលបំណងជំនួសនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Ohio-class សេរីចាស់ ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃកងទ័ពជើងទឹកអាមេរិក ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០។

គួរកត់សម្គាល់ កងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Ohio-class ដំបូង បានចូលជួយជាកម្លាំងកងទ័ពជើងទឹកអាមេរិកនៅឆ្នាំ១៩៨១ ហើយពួកវាត្រូវបានគេរំពឹងថា នឹងចូលនិវត្តន៍មួយគ្រឿងម្តងៗ គិតចាប់ពីឆ្នាំ ២០២៧ ដល់ឆ្នាំ ២០៤០។ ហើយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជំនាន់ថ្មីប្រភេទ Columbia-class នឹងចូលមកជំនួសតំណែងពួកវាម្តងមួយគ្រឿងៗ គិតចាប់ពីឆ្នាំ ២០៣១ខាងមុខ៕

ប្រភព ៖ interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner